ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និង ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់កំពុងសង្រ្គោះ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង នៅ លើផ្លូវកៅស៊ូលេខ៥៣ ចំណុចលូរទឹកតារ៉ន ស្ថិតក្នុងភូមិត្រោកលិច ឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកាលពីវេលាម៉ោង ១៩:២០នាទីថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ១-ឈ្មោះសៅ រុន ភេទប្រុស អាយុ២៧ឆ្នាំ (ស្លាប់អ្នកបើកបរម៉ូតូ) ២-ឈ្មោះ រ៉ ស្រីរ៉ាន ភេទស្រី អាយុ១២ឆ្នាំ(របួសធ្ងន់អ្នករួមដំណើរ)៣-ឈ្មោះហាន ស្រីវីន ភេទស្រី អាយុ៩ឆ្នាំ (របួសធ្ងន់អ្នករួមដំណើរ) ជនរងគ្រោះទាំងបីនាក់រស់នៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាកTOYOTA HIGH LANDER ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង ២B-០៦០៨ បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកបរមកដល់ចំណុចក៏បានបុកជាមួយម៉ូតូ០១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ១CT-៧១០៩ក្នុងដំណើរច្រាស់ទិសគ្នា បណ្ដាលអោយជនរងគ្រោះទាំង៣នាក់ រងរបួសធ្ងន់ រដូករណែលពេញផ្លូវ និងបានស្លាប់យុវជនម្នាក់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្ករបានទុករថយន្តចោល គេចខ្លួនបាត់ស្រមោលតែម្ដង ។
ចំពោះមធ្យោយបាយបង្កយកទៅរក្សាទុកនៅអធិការនគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា