ខេត្តបន្ទាយមានជ័យ៖ អាងទឹកត្រពាំងថ្ម គឺជារម្មនីយដ្ឋានធម្មជាតិកែច្នៃ ដែលមានទីតាំងស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលចម្ងាយពីទីរួមស្រុកភ្នំស្រុកប្រមាណជា៧គីឡូម៉ែត្រ ។ អាងទឹកនេះ អាចផ្ទុកទឹកបានចំនួន១៨០លានម៉ែត្រគូប មានបណ្តោយប្រវែង១២គីឡូម៉ែត្រ និងទទឹងប្រវែង១០គីឡូម៉ែត្រ ។
ជារៀងរាល់ឆ្នាំពេលមានបុណ្យទានធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ គេសង្កេតឃើញមានមន្ត្រីរាជការដែលឈប់សម្រាកពីការងារ ក៏ដូចជាប្រជាពលរដ្ឋមកពីតាមបណ្តាស្រុក ក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាមកពីតាមបណ្តាខេត្តនានាបានមកលេង និងងូតទឹកលំហែកាយជាលក្ខណៈក្រុមគ្រួសារយ៉ាងសប្បាយរីករាយ ។
ជាក់ស្តែងនាឆ្នាំនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋ មន្ត្រីរាជការបានទៅលេងនៅរម្មនីយដ្ឋានអាងទឹកត្រពាំងថ្មយ៉ាងច្រើនកុះករ ។ ជាមួយគ្នានោះដែរ គេក៏បានឃើញវត្ថមានកងកម្លាំងលោកវរសេនីយ៍ឯកប៊ុន ផេង ស្នងការរង ផែនការងារគ្រប់គ្រងអាវុធជាតិ-អគ្គិភ័យ ទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត ឲ្យមើលពីការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងស្រុកភ្នំស្រុក បានដឹកនាំកងកម្លាំងនគរបាលខេត្ត និងនគរបាលស្រុកដោយសហការជាមួយយ៉ាងល្អជាមួយកងកម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាសិករងស្រុក កម្លាំងប្រជាកាពារ និងអាជ្ញាធរដែនដី ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅទីនោះ បានយ៉ាងល្អប្រសើរ ជូនភ្ញៀវមកលេងអាងទឹកត្រពាំងថ្មនោះ ដោយពុំមានបាតុភាពអ្វីកើតឡើងឡើយ ធ្វើឲ្យពួកគាត់មានការសប្បាយរីករាយ និងមានភាពកក់ក្តៅពីសន្តិសុខ។
បុរសវ័យចំណាស់ម្នាក់គាត់មកពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក៏បានថ្លែងថា៖នេះក៏ជាលើកទី១ដែរ ដែលកូនចៅគាត់បាននាំមកលេងនៅរម្មនីយ៍ដ្ឋានអាងទឹកត្រពាំងថ្មនេះ ពីមុនលឺតែគេនិយាយថា អាងទឹកនេះធំ ឥឡូវមកឃើញជាក់ស្តែងគឺពិតជាដូចគេនិយាយមែន មានទឹកល្ហរល្ហេវ និងមានមនុស្សមកលេងយ៉ាងច្រើនកុះករមកលេងនាពេលថ្ងៃបុណ្យទាន នេះក៏អាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពផងដែរ ទើប្រជាពលរដ្ឋបានធ្វើបុណ្យទាន និងដើរលេងកំសាន្តដោយគ្មានការបារម្ភឡើយ ។
ជាមួយគ្នាននោះដែរ លោកឃួត ឃួន មេឃុំប៉ោយក៏បានលើកឡងថា៖ នាឆ្នាំនេះគឺមានភ្ញៀវទេសចរណ៍មកលេងនៅអាងទឹកត្រពាំងថ្មនេះច្រើនជាងឆ្នាំមុនដល់ទៅ៥,២៥០នាក់ ព្រោះឆ្នាំនេះមានទឹកច្រើន បើឆ្នាំទៅមិញមិនមានទឹកលេង គឺមិនសូវមានអ្នកមកលេងនោះទេ ។ ក្នុងនោះដែរលោក មេឃុំក៏បានអំពាវនាវដល់បងប្អូនដែលមកលេងអាងទឹកត្រពាំងថ្មនេះ គឺសុំឲ្យជួយសម្អាតបរិស្ថានផងដែរ ក្រោយពីការហូបចុករួច សុំឲ្យវុចខ្ចប់កាកសំណល់ទាំងនោះយកទៅដាក់ក្នុងធុងសម្រាមឬខ្ចប់យកទៅបោះចោល ៕ នីមវណ្ណា