ខេត្តកណ្តាល៖ អស់រយះពេល០១ខែហើយ ជនត្រូវចោទហែកគុកខេត្តកណ្តាលរត់គេចខ្លួន កាលពីថ្ងៃទី២៨ សីហា ២០១៩ មកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ មិនទាន់ចាប់បានមកវិញនៅឡើយទេ ។ មជ្ឍដ្ឋានជាច្រើនបានរិះគន់យ៉ាងខ្លាំងទៅលើប្រធានពន្ធនាគារខេត្តកណ្តាល ដែលធ្វេសប្រហែស ក្នុងការគ្រប់គ្រងមន្ត្រីក្រោមឱវាទ បណ្តាលឲ្យជនត្រូវចោទម្នាក់ឡើងលើរបងពន្ធនាគារទាំងកណ្តាលថ្ងៃត្រង់ផ្លោះរត់គេចខ្លួនបាត់ ។
សូមរំលឹកថា ជនត្រូវចោទដែលរត់គេចខ្លួនមានឈ្មោះម៉ាន អីទ្រះ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកបើករថយន្ត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រូវបានលោក រស់ ផុនចាន់និមល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធបណ្តោះអាសន្នពីបទ”អំពើរលួច” ដែលប្រព្រឹត្តនៅភូមិជ្រោយមេត្រីលើ ឃុំជ្រោយឬស្សី ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១៧ សីហា ២០១៩ តាមមាត្រា៣៥៣,៣៥៦ នៃក្រុមព្រហ្មទណ្ឌ ។
ពាក់ពន្ធ័នឹងជនត្រូវចោទដែលផ្លោះរបងពន្ធនាគាររត់គេចខ្លួនបាត់នោះអ្នកសារព័ត៌មានទំនាក់ទំនងទៅលោក ចាត ស៊ីនាង ប្រធានពន្ធនាគារ លោកឆ្លើយថា រវល់ ។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា លោកបានចេញដីការចាប់ខ្លួនជនត្រូវចោទនោះហើយ និងចោទបទល្មើសបន្ថែមទៀត ពីបទ”លួចរត” តាមមាត្រា៥៦០ ,៥៦១នៃក្រមព្រហ្មទណ្ឌ ។
មជ្ឍដ្ឋានជាច្រើនកំពុងរង់ចាំមើលថា លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល មានសមត្ថភាពចាប់ជនត្រូវចោទដែលផ្លោះរបងពន្ធនាគាររត់គេចខ្លួននោះ បានមកដាក់ពន្ធនាគារវិញដែរឬទេ? ៕ ឆ ដា