ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយម្ដាយមិនឲ្យ ខឹងបម្រុងវាយម្ដាយ ត្រូវកូនៗចូលឃាត់ របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សាវាយក្រុមគ្រួសារឲ្យរងរបួស៣នាក់ ខណៈសុំលុយមិនឲ្យ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិរមាំងទ្រេត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មុត កេត អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅ​ភូមិម្រាមខាងជើង ឃុំម្រាម ស្រុករ​មាសហែក ខេត្តស្វា​យរៀ​ង ។

ចំណែកជនរងគ្រោះមានឈ្មោះទី១-ឈ្មោះយា សុឃី ភេទប្រុស អាយុ១៩ឆ្នាំ ទី២-ឈ្មោះមុត ស៊ឹប ភេទស្រី អាយុ២៩ឆ្នាំ ទី៣-ឈ្មោះមុ​ត សំភាស់ ភេទស្រី អាយុ១៨ឆ្នាំ អ្នកទាំង៣ រស់រស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា ។

ប្រភពបន្តថា មុនកើតហេតុ ជនសង្ស័យបានទារលុយម្ដាយឈ្មោះ អ៊ុក ស៊ាន អាយុ៥៨ឆ្នាំ ប៉ុន្តែគាត់មិនឲ្យ ស្រាប់តែពេលយប់ ជនសង្ស័យក៏បានយកព្រនង់ឈើបម្រុងវាយ ក៏ត្រូវកូនៗចូលទៅឃាត់ ទើបមានការប្រទាញប្រទង់ ស្រាប់តែត្រូវជនសង្ស័យវាយសន្ធាប់ទាំង៣នាក់ បង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្ន ជនរងគ្រោះទាំងបីនាក់ ត្រូវបានក្រុមគ្រួសារ បញ្ជូនម​កសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ។

ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖