កម្លាំងទាហានឥណ្ឌា បានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅរដ្ឋ Arunachal Prasesh ស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រ ជាប់ព្រំដែនជាមួយប្រទេសចិន ។
សារព័ត៌មានឥណ្ឌាបានផ្សាយថា កងពលលេខ១៧របស់ឥណ្ឌាបានចូលរួមធ្វើសមយុទ្ធ ដែលមានឈ្មោះថា «Him Vijay» អូសបន្លាយរយៈ១ខែ នៅតំបន់ភ្នំស្ថិតនៅភាគឦសាន នៃរដ្ឋ Arunachal Pradesh ។ តំបន់ខាងលើស្ថិតនៅមិនឆ្ងាយពីខ្សែបន្ទាត់ព្រំដែន LAC បែងចែកទឹកដីឥណ្ឌា និងចិន ។
សមយុទ្ធនោះមានការចូលរួមពី កម្លាំងទាហានប្រមាណ៥ពាន់នាក់ និង រថក្រោះ រថពាសដែក កាំភ្លើងធំ ប្រព័ន្ធមីស៊ីលការពារដែនអាកាស …។ ក្រៅពីនេះក៏មានយន្តហោះ C-17 Globemaster-III, C-130J Super Hercules រួមជាមួយយន្តហោះដឹកជញ្ជូន AN-32 ឧទ្ធម្ភាគចក្រ Chinook មកពីកម្លាំងទាហានអាកាស ក៏បានចូលរួមនៅក្នុងសមយុទ្ធនោះដែរ ដែលជាការត្រៀមលក្ខណៈធ្វើសង្គ្រាម ។ សមយុទ្ធខាងលើ បានឡើងគម្រោងតាំងពី ខែមិថុនា ឆ្នាំ២០១៩ ។
កាលពី ខែកញ្ញាកន្លងមកកម្លាំងទាហានអាកាសឥណ្ឌាបានរៀបចំ និងដំណើរការផ្លូវចុះចត់និងហោះហើរទី៨ សម្រាប់យន្តហោះចម្បាំង នៅក្នុងតំបន់ Vijaynagar ស្រុក Changlang ក្នុងរដ្ឋ Arunachal Pradesh ។
ឥណ្ឌាមានខ្សែបន្ទាត់ព្រំដែនជាប់ប្រទេសចិន ប្រវែង ជាង៤ពាន់គីឡូម៉ែត្រ ចាប់តាំងពីតំបន់ កាស្មៀរ រហូតដល់រដ្ឋ Arunachal Pradesh ៕