ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋកូរ៉េខាងត្បូង បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការកើនឡើងនៃជំងឺជ្រូកអាហ្វ្រិក

ចែករំលែក៖

ការរកឃើញថ្មីបន្ថែមទៀតនេះ ធ្វើ​ឲ្យជំងឺប៉េស្តជ្រូកអាហ្វ្រិក​កើតឡើង​នៅកូរ៉េខាងត្បូង​ដំបូង​គេចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ រហូតមដល់ពេលនេះ បានកើនឡើង​ចំនួន១៣ករណី​ហើយៗខណៈដែលផ្នែកពាក់ព័ន្ធ​បាននិងកំពុងខិតខំយ៉ាងខ្លាំងទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺនេះ​ ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ​បានឆ្លងពាសពេញប្រទេសក្នុងតំបន់អាស៊ីតែម្តង ។ ប្រទេសដំបូងគេដែលផ្ទុះជំងឺនេះ គឺប្រទេសចិន កាលពីឆ្នាំ២០១៨ ។

ក្រសួងកសិកម្ម​របស់កូរ៉េខាងត្បូង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩​បាន​ប្រកាស​អំពីជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ករណីទី១៣​ កើតឡើងនៅក្នុងប្រទេសនេះ គឺបន្ទាប់ពីករណីថ្មី២បន្ថែមទៀត​ទើបតែត្រូវបានរកឃើញ ។

ជំងឺនេះឆ្លងងាប់តែសត្វជ្រូកនោះទេ មិនប៉ះពាល់ដល់មនុស្សឡើយ ហើយមកទល់​ពេលនេះ ពុំទាន់មានថ្នាំសម្រាប់ព្យាបាល ឬវាក់សាំង​ចាក់ការពារ​នោះទេ ។ នៅពេលបច្ចុប្បន្ន ជំងឺប៉េស្តជ្រូកអាហ្វ្រិក​ត្រូវ​អង្គការសុខភាពសត្វពិភពលោក (OAH)​​អះអាងថា បានឆ្លងរាលដាល​ជុំវិញពិភពលោក ក្នុងប្រទេសជាង​៥០ ។ សត្វជ្រូករាប់លានក្បាលត្រូវបានសម្លាប់ ។

រហូតមកដល់ពេលនេះ កូរ៉េខាងត្បូង​បានចាត់វិធានការ​ទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយសម្លាប់សត្វជ្រូកប្រហែល ១១៥ ០០០ក្បាលហើយ ។ ការដឹកជញ្ជូន​នៅទូទាំងប្រទេសក៏ត្រូវបានរិតបន្តឹង ក៏ដូចយុទ្ធនាការបោសសម្អាត​​នៅតាមទីកន្លែងចិញ្ចឹមសត្វជ្រូក តាមកសិដ្ឋាននានាផងដែរ ។ ក្រសួងកសិកម្ម​កូរ៉េខាងត្បូង​បានអំពាវនាវពលរដ្ឋ​បង្កើន​វិធានការសម្អាតកសិដ្ឋានរបស់ខ្លួន​បន្ថែមពីលើទម្លាប់​របស់ពួកគេថែមទៀត ។

ក្រសួងកសិកម្ម​ក៏បានត្អួញត្អេរវិធានការទប់ស្កាត់​ជំងឺប៉េស្តជ្រូកអាហ្វ្រិករបស់ខ្លួន​ពុំមានប្រសិទ្ធភាព ដោយសារតែភ្លៀងធ្លាក់ខ្លាំងពីខ្យល់ព្យុះ Mitagបក់បោកនៅក្នុងប្រទេសនេះ​កាលពីយប់ថ្ងៃទី២ ខែតុលា និងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩​។

កូរ៉េខាងត្បូង​កំពុងតែ​ស្វែងរកប្រភព​ចម្ងល​នៃជំងឺនេះដំបូងគេ ។ ជំងឺប៉េស្តជ្រូក​ទាំងអស់​បានរកឃើញ​នៅកសិដ្ឋានចិញ្ចឹមជ្រូក​មួយកន្លែង​ក្បែរព្រំដែន​ជាមួយកូរ៉េខាងជើង ។ កូរ៉េខាងជើង​ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក​ដំបូងគេ​កាលពីខែឧសភា ឆ្នាំ២០១៩ ៕


ចែករំលែក៖