ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានមន្ទីរម្នាក់បើកឡានធ្លាក់ប្រឡាយលង់ទឹកស្លាប់គ្មានអ្នកដឹងនៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ អនុប្រធានមន្ទីរម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្បែរថយន្ត ក្នុងប្រឡាយទឹក ជាប់ផ្លូវកៅស៊ូ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង៥ទាបភ្លឺ ថ្ងៃ៤ ខែតុលា ឆ្នាំ២០១៩ ។

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅក្បែរនឹងរថយន្តរបស់ខ្លួននេះ មានឈ្មោះ គិន វិសាល ភេទប្រុស អាយុ៤០ឆ្នាំ ជាអនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ឆ្នាំង រស់នៅរាជធានីភ្នំពេញ ជនរងគ្រោះជិះរថយន្តម៉ាកតូយ៉ូតាកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ ២P-២១៦៣ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះអាចស្លាប់ក្នុងអំឡុងម៉ោង១១យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ក្នុងអំឡុងពេលដែលបុរសរងគ្រោះបានជិះរថយន្តរបស់ខ្លួនក្នុងទិសដៅពីជើងទៅត្បូង រួចបានជ្រុលចង្កូតធ្លាក់ប្រឡាយតែម្តង បណ្តាលឲ្យជនរងគ្រោះ លង់ទឹកស្លាប់ក្នុងប្រឡាយ រហូតពេលព្រឹកឡើងទើបប្រជាពលរដ្ឋប្រទះឃើញ និងរាយការណ៍ដល់សមត្ថកិច្ច ។​

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ ដោយករណីលង់ទឹក ក្នុងពេលដែលរថយន្តធ្លាក់ចូលក្នុងប្រឡាយ ។ ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ​ចន្ថា


ចែករំលែក៖