បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប មានការត្រួតពិនិត្យអាវុធយ៉ាងតឹងតែងបំផុត ទើបមិនមានការបាញ់ប្រហារដោយកាំភ្លើងកើតឡើង ដូចកាលពីមុន ។ ប៉ុន្តែ ជនដៃដល់បានងាកមកប្រើប្រាស់ កាំបិតសម្រាប់វាយប្រហារជំនួសវិញ ។ ជាក់ស្តែង បុគ្គលិក ផ្នែកបច្ចេកវិទ្យាកំព្យូទ័រ ម្នាក់បានប្រើកាំបិត ចាក់សម្លាប់មនុស្សដល់ទៅ៤នាក់ កណ្តាលទីក្រុងប៉ារីស កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។
បុរសម្នាក់ជាបុគ្គលិកបម្រើការផ្នែកព័ត៌មានវិទ្យា (IT)នៅឯស្នាក់ការកណ្តាលរបស់ប៉ូលិស កណ្តាលទីក្រុងប៉ារីស បានប្រដាប់ដោយកាំបិតចាក់សម្លាប់បុគ្គលិកនៅទីនោះស្លាប់៤នាក់ មុនពេលខ្លួនគាត់ផ្ទាល់ត្រូវប៉ូលិសបាញ់សម្លាប់ ។
ប៉ូលិសបារាំងបានថ្លែងទៀតថា ជនទី៥បានរងរបួសធ្ងន់ធ្ងរកំពុងស្ថិតក្រោមការជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ ។ ប៉ូលិសបារាំងបានចាត់ទុកថា នេះជាការវាយប្រហារដ៏សម្លាប់មនុស្សច្រើនបំផុតនៅប្រទេសបារាំងប្រចាំឆ្នាំ ហើយមូលហេតុគឺនៅមិនទាន់ដឹងនៅឡើយទេ ។
ប្រភពពីក្រុមស៊ើបអង្កេតបានបញ្ជាក់ថា ជនវាយប្រហារអាយុប្រហែល៤៥ឆ្នាំ ជាបុគ្គលិកបម្រើការផ្នែកព័ត៌មានវិទ្យានៅនាយកដ្ឋានចារកម្មប៉ូលិស ហើយជននេះបានថ្វាយខ្លួនជូនក្រុមអិស្លាមកាលពី១៨ខែកន្លងមកហើយ ។
ជនវាយប្រហារបានចាក់សម្លាប់បុគ្គលិកភេទប្រុស៣នាក់ និងស្ត្រីជាជំនួយការម្នាក់ មុនពេលរូបគេត្រូវប៉ូលិសបាញ់សម្លាប់ ស្ថិតនៅទីធ្លាអគារថ្មការ៉េ ក្បែរព្រះវិហារប្រវត្តិសាស្ត្រ Notre-Dame កណ្តាលទីក្រុងប៉ារីសតែម្តង ។
ជនវាយប្រហារ ជាមនុស្សកើតនៅលើទឹកដីការ៉ាបៀនបារាំង គឺនៅតំបន់ Martininque បានបម្រើការឲ្យប៉ូលិសបារាំងតាំងពីឆ្នាំ២០០៣រហូតមក ។ គាត់ជាមនុស្សមានបញ្ហាផ្នែកខាងស្តាប់ (ត្រចៀកថ្លង)។
ប៉ូលិសបារាំងបានចូលឆែកឆេរលំនៅឋានរបស់ជនវាយប្រហារ ដែលរស់នៅស្ងាត់ជ្រងំស្ថិតនៅជាយក្រុង Gonesse ភាគខាងជើងទីក្រុងប៉ារីស ហើយបានចាប់ឃុំខ្លួនប្រព័ន្ធរបស់ជនវាយប្រហារផងដែរ ។
ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា ឃាតកខាងលើមិនដែលបង្ហាញអាកប្បកិរិយាសង្ស័យណាមួយទាល់តែសោះ កាលពីពេលមុនមក ៕