នៅក្នុងវេទិការ ក្រុមហ៊ុន រុស្ស៊ី ហ្វីលីពីន ដែលបានធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ក្នុងទីក្រុងមូស្កូប្រទេសរុស្ស៊ី ប្រធានាធិបតី ហ្វីលីពីនលោក Rodrigo Duterte បានបញ្ជាក់ថា រុស្ស៊ីគឺជាទីផ្សារវិនិយោគ និងពាណិជ្ជកម្ម ដ៏ល្អ ហើយហ្វីលីពីន បានផ្តល់អាទិភាព ជាពិសេស ដល់ ក្រុមហ៊ុនរុស្ស៊ី។
លោក Duterte បញ្ជាក់ថា ទំនាក់ទំនង សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ បានអភិវឌ្ឍន៍យ៉ាងល្អ ហើយហ្វីលីពីនពេញចិត្តទៅលើវិស័យពាណិជ្ជកម្មកំពុងតែកើនឡើង ។ កាលពីឆ្នាំ ២០១៨វិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរ មានទឹកប្រាក់ ដល់ទៅ ១៣៦០ លានដុល្លារ ។ លោកបន្តទៀតថា ការដោះដូរពាណិជ្ជកម្មកើនឡើងទ្វេដងបើប្រៀបធៀបនិងឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៩ និងបន្តកើនឡើងថែមទៀត។
នៅក្នុងដំណើរទស្សនកិច្ចនោះ ក្រសួងពាណិជ្ជកម្មប្រទេសទាំងពីរក៏បានចុះហត្ថលេខាង លើកិច្ចព្រមព្រៀងចំនួន១០ មានតម្លៃ រាប់សិបលានដុល្លារ។ ក្រៅពីនេះ រុស្ស៊ី និងហ្វីលីពីន ក៏បានព្រមព្រៀង ស្រាវជ្រាវផលិតរោងចក្រអគ្គីសនីដើរដោយថាមពលបរមាណូ អណ្តែតលើទឹក នៅហ្វីលីពីនផងដែរ។
សារព័ត៌មានរុស្ស៊ី RIA Novosti បានផ្សាយថា រុស្ស៊ីនិងហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតរោងចក្រថាមពលបរមាណូ អគ្គិសនី អណ្តែតលើទឹក ។ ការចុះហត្ថលេខាត្រូវបានធ្វើឡើងក្នុងពេលដែល ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ។
តាមសារព័ត៌មានខាងលើ ក្រុមហ៊ុនបរមាណូជាតិរុស្ស៊ី Rosatom និងក្រសួងថាមពល ហ្វីលីពីន នៅថ្ងៃទី ៤ខែតុលា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បង្កើតរោងចក្រអគ្គិសនីអណ្តែតទឹកនៅក្នុងប្រទេសហ្វីលីពីន។
អគ្គនាយកក្រុមហ៊ុន Rosatom លោក Alexei Likhachev បានឲ្យដឹងថា រុស្ស៊ីបានលើកឡើងពីគម្រោងខាងលើ ជាមួយហ្វីលីពីន ហើយភាគីហ្វីលីពីនក៏បានយលព្រម ។
ហ្វីលីពីនបានសាកសង់រោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ នៅឆ្នាំ១៩៨០ ដើម្បីបញ្ចប់វិបត្តិកង្វះថាមពលអគ្គិសនី ប៉ុន្តែរោងចក្រនោះមិនបានដំណើរការឡើយដោយសារតែខ្លាចជួបនៅគ្រោះមហន្តរាយ។
រុស្ស៊ីមាន នាវារោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូជាច្រើនគ្រឿង ហើយរោងចក្រអគ្គិសនីបរមាណូ Lomonosov បានទៅកាន់កំពង់ផែ Pevek នៅកោះ Chukotka នៅប៉ូលខាងជើងផែនដី ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសីដល់តំបន់ ត្រជាក់បំផុត សម្រាប់សកម្មភាព រស់នៅនិងស្រាវជ្រាវរុករកថាមពលនៅតំបន់នោះ៕