សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស។
មន្រ្តីអាវុធហត្ថបនឲ្យដឹងថាជនសង្ស័យទី១.ឈ្មោះ សេង ចិន្តា ហៅហ៊ា អាយុ ២៦ឆ្នាំ២.ឈ្មោះ អ៊ុក រតនៈវិចិត្រ ហៅណាក់ ភេទប្រុស អាយុ២២ឆ្នាំ។
ជនសង្ស័យទាំង ០២នាក់ នេះត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅចំនុច ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយពួកគេទាំង ០២នាក់ ជាអ្នកអូសរទេះរើសអេតចាយ ព្រមទាំងបន្លំលួចសម្ភារៈមានតម្លៃរបស់ប្រជាពលរដ្ឋផងដែរ។
មុនពេលឃាត់ខ្លួន ពួកគេកំពុងអូសរទេះរើសអេតចាយ ស្រាប់តែ ឃើញផ្ទះមួយកន្លែងចាក់សោរគ្មានម្ចាស់នៅ ពួកគេបានយកញញួរទៅវាយសោរផ្តាច់ដើម្បីចូលលួចទ្រព្យសម្បត្តិ ក្នុងពេលនោះលឺសម្លេងដល់ប្រជាពលរដ្ឋដែលនៅក្បែរចេញមកមើលពួកគេក៏បានបន្លំធ្វើជាអូសរទេះរើសអេតចាយបន្តទៀត បន្ទាប់មកពួកគេបានឃើញបន្ទប់ជួលប្រហែល៥បន្ទប់ គ្មានម្ចាស់នៅ ក៏បានធ្វើសកម្មភាពលួចគាស់ទ្វារបន្ទប់ចូល លួចបានម៉ូតូ ០១គ្រឿងម៉ាក ស្កូបពី ពណ៌ស ស្លាកលេខ ភ្នំពេញ 1CZ-1310 និងធុងបាស ០១គ្រឿងទៀត។
ក្រោយពេលសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន ឈ្មោះ សេង ចិន្តា ហៅហ៊ា បានសារភាពបន្ថែមទៀតថា កន្លងមករូបគេធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល ១ឆ្នាំកន្លះ និងជាប់មណ្ឌលកែប្រែឳកាសខ្ញុំរយៈពេល៥ខែ ,រីឯឈ្មោះ អ៊ុក រតនៈវិចិត្រ ហៅណាក់ ក៏ធ្លាប់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន និងជាប់មណ្ឌលកែប្រែឳកាសខ្ញុំរយៈពេល៥ខែមកហើយដែរ៕ ជ្រោយពេជ្រ