ព័ត៌មានទាន់ហេតុការណ៍៖

សរសើរទឹកចិត្តក្រុមគ្រួសារមួយយកបច្ច័យពីបុណ្យសពឪពុក បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងចំពោះក្រុមគ្រួសារមួយដែលបានប្រគល់ថវិកា ប្រមាណជាង៦ពាន់ដុល្លារ និងប្រាក់រៀលជាង៣លានរៀល ដែលជាបច្ច័យបានពីការចូលបុណ្យសពរបស់ឪពុកទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។ ការបរិច្ចាគនេះត្រូវបានក្រុមគ្រួសារមួយនេះ រំពឹងថា ជាការជួយដល់មន្ទីរពេទ្យដែលកំពុងខ្វះខាតថវិកា និងដើម្បីជាការឧទ្ទិសកុសល្យផលបុណ្យដល់ឪពុករបស់ខ្លួនដែលបានចែកឋានទៅផងដែរ ។

កន្លងមក មន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួល ច្រើនទសវត្សរ៍មកហើយនោះ តែងទទួលបានការបរិច្ចាគជាបន្តបន្ទាប់នូវថវិកាពីសំណាក់សប្បុរសជននានា ដើម្បីទ្រទ្រង់ការបន្តសកម្មភាពសង្គ្រោះកុមារកំពុងមានជំងឺនៅកម្ពុជា។ ការបរិច្ចាគមានទាំងផ្ទាល់ និងការវេរប្រាក់តាមគណនីយមន្ទីរពេទ្យជាដើម។

យោងតាមគណនេយ្យហ្វេសបុកឈ្មោះ CM CM បានបង្ហោះថា “ថវិកាដែលបានពីការចូលបុណ្យ សរុបចំនួន ៦១៦៨ ដុល្លារអាមេរិក និង៣លាន៣៩ម៉ឺនរៀល យើងខ្ញុំជាកូនចៅ បានយកមកបរិច្ចាកជូនមន្ទីរពេទ្យគន្ធបុប្ផា សូមវិញ្ណាណក្ខណ្ឌប៉ា ទៅឲ្យបានស្ងប់សុខក្នុងឋានថ្មី”។ សារអមដោយរូបភាពនេះទទួលបានការកោតសរសើរខ្លាំងពីមហាជនថាជាគំរូមួយដ៏ប្រពៃកម្រនឹងមាន។

ប្រភពពីអ្នកស្គាល់ក្រុមគ្រួសារនេះ លើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមគ្រួសារនេះបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងសកម្មភាពសប្បុរសធម៌ គឺកន្លងមកក្រុមគ្រួសារនេះក៏ធ្លាប់បរិច្ចាគជាអំណោយទាំងថវិកា និងអាហារផ្សេងៗជាបន្តបន្ទាប់ទៅកាន់ជនទីទ័លក្រជាញឹកញាប់ផងដែរ ។

ប្រភពថា ជាក្រុមគ្រួសារដែលនិយមធ្វើបុណ្យដាក់ទាន ហើយក៏មិនចង់ចេញមុខមាត់ និងឈ្មោះពិតផងដែរ ប៉ុន្តែសកម្មភាពនេះ គឺជាគំរូមួយសម្រាប់សប្បុរសជនដែលចង់ជួយដល់សង្គម ជួយដល់ជនទីទ័លក្រ ។

គួរបញ្ជាដែរថាមន្ទីរពេទ្យ​គន្ធ​បុ​ប្ជា បានចំណាយថវិកាបានចំណាយថវិកា ចំនួន១២ម៉ឺនដុល្លារក្នុងមួយថ្ងៃៗដើម្បីព្យាបាលជំងឺដោយឥតគិតថ្លៃដល់ កុមារកម្ពុជា។ មន្ទីរពេទ្យនេះបាន​ចំណាយ​ថវិកា​អស់​ច្រើនជាង​៥៦៣​លាន​ដុល្លារ​ហើយ ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​របស់​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ដោយជួយដល់កុមាកម្ពុជាឈឺច្រើនជាង១៥លាននាក់រួចមកហើយ នេះមិនទាន់គិតដល់ស្ត្រីដែលមកសម្រាលកូននោះទេ៕ វឌ្ឍនា


ចែករំលែក៖