កូរ៉េខាងជើង បានប្រកាសថា ប្រទេសនេះនឹងមិនព្យាយាមស្វែងរកកិច្ចពិភាកក្សាជាមួយអាមេរិក ទៀតឡើយ ក្រោយពេល កិច្ចពិភាក្សាបរាជ័យ កាលពីថ្ងៃទី៥ ខែតុលា កន្លងមក នៅទីក្រុង ស្តុកខម ប្រទេសស៊ុយអែត ។ កូរ៉េខាងជើង បានប្រកាសថានៅពេលណាអាមេរិក បោះបង់គោលនយោបាយចង គំនុំ ប្រឆាំងទីក្រុងព្យុងយ៉ាង ពេលនោះកូរ៉េខាងជើង និងពិចារណាបន្តពិភាក្សា ជាមួយទីក្រុងវ៉ាស៊ីនតោនឡើងវិញ។
នៅក្នុងជំនួបពិភាក្សា ជាលើកដំបូងក្នុងរយៈពេលជាង ៧ខែកន្លងមក ប្រធានគណៈប្រតិភូកូរ៉េខាងជើង លោក Kim Miyong Gil បានបញ្ជាក់ថា កិច្ចពិភាក្សាបានបរាជ័យ ដោយសារតែអាមេរិក មិនផ្លាស់ប្តូរឥរិយាបទ និងគោលជំហរចាស់ ។ អាមេរិក មកពិភាក្សាដោយបាតដៃទទេ មិនមានការផ្លាស់ប្តូរឈានទៅមុខនោះឡើយ។
ចំណែកភាគីអាមេរិក វិញបានប្រកាសថា កិច្ចពិភាក្សាបានដំណើរការយ៉ាងល្អ ហើយអាចជំរុញឲ្យមានកិច្ចពិភាក្សាជាថ្មីថែមទៀតនៅពេលដ៏ខ្លីខាងមុខ ។
នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី៥ខែតុលាកន្លងមក រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក មានជំហរផ្ទុយគ្នា ពីរឿងចរចារវាងភាគីទាំងពីរ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃសៅរ៍ នៅប្រទេសស៊ុយអែត។ ទីក្រុងវ៉ាស៊ីនតោនបានវាយតម្លៃថា ការពិភាក្សាជាមួយភាគីកូរ៉េខាងជើងបានប្រព្រឹត្តទៅវិជ្ជមាន ប៉ុន្តែ នៅថ្ងៃអាទិត្យ មួយថ្ងៃក្រោយ ទម្លាក់កំហុសលើអាមេរិក ថា ជាអ្នកធ្វើឲ្យការចរចាបរាជ័យ ទីក្រុងព្យុងយ៉ាងបានប្រកាសបដិសេធផងដែរ រាល់ការចរចាសាជាថ្មី ដរាបណាអាមេរិកមិនផ្លាស់ប្តូរឥរិយាបថ ឈប់ ធ្វើនយោបាយអរិភាពដាក់កូរ៉េខាងជើង។
ទីក្រុងព្យុងយ៉ាងខកចិត្តខ្លាំងនឹងអាមេរិក ដែលមិនបាននាំយកអ្វីថ្មី មកដាក់តុចរចា ក្រៅតែពីនយោបាយអរិភាពជាមួយកូរ៉េខាងជើង។ មួយថ្ងៃក្រោយ ការចរចា បរាជ័យ ជាមួយភាគីអាមេរិក របបកុម្មុយនិស្តកូរ៉េខាងជើង តាមរយៈ អ្នកនាំពាក្យរបស់ក្រសួងការបរទេសបានប្រកាសទាត់ចោល រាល់ការចរចា នានាស្តីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដរាបណា អាមេរិកនៅតែមិនប្តូរឥរិយាបថ។
“ព្យុងយ៉ាងគ្មានប្រយោជន៍អ្វីដែលត្រូវចរចា ដ៏ឈឺចាប់ ដូចលើកនេះ ទេ បើសិនអាមេរិក មិនចាត់វិធានការជាក់ស្តែង ដើម្បីបិទបញ្ចប់នយោបាយអរិភាពជាមួយកូរ៉េខាងជើង។ នេះជាប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ដែលស្រង់សំដីដោយទីភ្នាក់ងារព័ត៌មាន រដ្ឋ KCNA។
នៅថ្ងៃសៅរ៍ បន្ទាប់ពីចែកផ្លូវគ្នា ដោយគ្មានលទ្ធផលអ្វី នៅក្រោយការចរចាទ្វេភាគីនៅក្រសួងការបរទេសស៊ុយអែត ប្រធានគណៈប្រតិភូកូរ៉េខាងជើង បានធ្វើសន្នីសិទកាសែត ប្រកាសពីបរាជ័យ នៃការចរចា។ ភាគីអាមេរិកវិញ មិនយល់ឃើញដូច្នេះទេ។ សម្រាប់អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក ការចរចាបានដំណើរការទៅមុខគួរឲ្យចាប់អារម្មណ៍។ ម្យ៉ាងទៀត អាមេរិកបានទទួលរួចហើយ ការអញ្ជើញពីភាគីស៊ុយអែត សម្រាប់ការចរចាជាមួយកូរ៉េខាងជើង នៅជុំទី២បន្តទៀត។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយបកយ៉ាងដូច្នេះទៅវិញថា ការលើកឡើងរបស់អាមេរិកដែលថា នឹងមានការជួបគ្នា សាជាថ្មី រវាងអាមេរិក និងកូរ៉េខាងជើង គឺជាការលើកឡើង ដែលគ្មានមូលដ្ឋានទាល់តែសោះ។
យ៉ាងណាក៏ដោយ កូរ៉េខាងជើងក៏មិនបានបិទផ្លូវចរចា ទាំងស្រុងនោះទេ ដោយបានប្រកាសទុកពេលវេលាឲ្យអាមេរិក រហូត ដល់ដំណាច់ឆ្នាំនេះ ដើម្បី ធ្វើឲ្យការចរចា អាមេរិក-កូរ៉េខាងជើងអាចកើតមានជីវិតមានឡើងវិញ។
នៅថ្ងៃសៅរ៍ ស៊ុយអែតបានទទួលរៀបចំ ជំនួបចរចាទ្វេភាគី អាមេរិក កូរ៉េខាងជើង ក្នុងគោលដៅ ស្រោចស្រង់ឡើងវិញ ការចរចា ស្តីពីការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង ដែលបានជាប់គាំង អស់៧ខែមកហើយ ពោលគឺចាប់តាំងពីការចរចា ជាលើកទី២ រវាងលោកដូណាល់ ត្រាំ និងលោកគីមជុងអ៊ុន នៅប្រទេសវៀតណាម បានជួបបរាជ័យ កាលពីខែកុម្ភៈដើមឆ្នាំនេះ។
នៅមុនកិច្ចពិភាក្សាចាប់ផ្តើមសាជាថ្មី ប្រទេសដែលធ្លាប់ពិភាក្សាជាមួយអាមេរិក ក្នុងនោះមានអ៊ីរ៉ង់ វេណេហ្ស៊ុយអេឡា ជាដើម បានស្នើដល់កូរ៉េខាងជើង មិនត្រូវជឿងទុកចិត្តអាមេរិក នៅក្នុងកិច្ចពិភាក្សានោះឡើយ។ អាមេរិក តែងតែ «បាតដៃខ្នងដៃ»គ្រប់ពេល មិនដែលរក្សាការសន្យារបស់ខ្លួននោះឡើយ។
ជាក់ស្តែង នៅក្នុងកិច្ចព្រមព្រៀងបរមាណូ ជាមួយអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ គឺមានការពិភាក្សា ជាច្រើនលើកទម្រាំឈានដល់កិច្ចព្រមព្រៀង ប៉ុន្តែនៅទីបំផុត លោកត្រាំ ជាប្រធានាធិបតីថ្មី ក៏បានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀង ហើយបន្តដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អ្វីដែលអាមេរិក ពិភាក្សាជាមួយកូរ៉េខាងជើង គ្រាន់តែវិធីពន្យាពេល ដើម្បីឲ្យទីក្រុងព្យុងយ៉ាង ផ្អាក់សកម្មភាពបរមាណូ តែប៉ុណ្ណោះ។ ប៉ុន្តែកូរ៉េខាងជើង មិនចាញ់ល្បិចរបស់អាមេរិក នោះឡើយ ដោយបន្តកម្មវិធីបរមាណូ និងកាំជ្រួចដដែល ដោយដឹងថាអាមេរិក អាចនឹងប្រែក្រឡាស់ក្នុងពេលណាមួយ៕