ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាអើយ! ថ្ងៃនេះកូនបានសម្រេចបំណងប្រាថ្នារបស់ប៉ាហើយ កូនបានថតរូបជាមួយសម្តេចតេជោហើយ!

ចែករំលែក៖

ភ្នំពេញ៖ កញ្ញា តែ សុខលី ជាសិស្សនិទ្ទេស A ម្នាក់ក្នុងចំណោមសិស្សនិទ្ទេស A ចំនួន ៤៤៣នាក់​ទូទាំងប្រទេសដែលចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៅវិមានរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ដែលកំពុងមានទុក្ខជាទម្ងន់ដោយឪពុករបស់នាងឈ្មោះ តែ ឆផេង អាយុ ៤៩ឆ្នាំ បានទទួលមរណភាព ចំថ្ងៃដែលនាងចូលរួមក្នុងកម្មវិធីនេះ ។ អ្វីដែលនាងក្តុកក្តួលរំជួលចិត្តនោះ គឺសេចក្តីប៉ងប្រាថ្នរបស់ឪពុកនាង ដែលកាលនៅរស់និយាយថា គាត់ចង់ឃើញរូបកូនស្រីឆ្លាតវៃរបស់គាត់បានថតរូបអនុស្សាវរីយ៍ ជាមួយសម្តេចតេជោហ៊ុន សែន ទោះស្លាប់ទៅក៏បិទភ្នែកជិតដែរ ។ ទីបំផុត ដោយមានការសម្របសម្រួលពីក្រុមអង្គរក្សរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល នាងត្រូវបានគេអនុញ្ញាតឲ្យចូលថតរូបទុកជាអនុស្សាវរីយ៍ជាមួយសម្តេចតេជោ ទោះបីក្នុងឆ្នាំនេះខុសពីឆ្នាំមុនៗដោយគេជ្រើសសិស្សតំណាងក្នុងមួយរាជធានី-ខេត្ត ត្រឹមតែ ៧នាក់ប៉ុណ្ណោះសម្រាប់ថតរូបជាមួយសម្តេចក៏ដោយ  ។

បំណងប្រាថ្នាបានសម្រេច តែឪពុកមិនបានឃើញផ្ទាល់ភ្នែកនេះ បានធ្វើឲ្យកញ្ញា តែ សុខលី  បានរៀបរាប់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះ «ថ្ងៃនេះ កូនបានសម្រេចបំណងប្រាថ្នារបស់ប៉ាហើយ។ នាងខ្ញុំសូមថ្លែងអំណរគុណសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងជ្រាលជ្រៅ បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកឪពុកនាងខ្ញុំឈ្មោះ តែ ឆផេង អាយុ ៤៩ឆ្នាំដោយរោគាពាធ ដោយសម្តេចបានជូនជាថវិការចំនួន ៥,០០០,០០០រៀល និងជួយបំពេញបំណងចុងក្រោយដែលអនុញ្ញាតឱ្យរូបនាងខ្ញុំផ្ទាល់បានថតជាមួយសម្តេច ហើយសម្ដេចថែមទាំងចាត់ឱ្យអង្គរក្សជូននាងខ្ញុំចេញមកផ្ទះមុនដោយសុវត្ថិភាពទៀតផង។ នេះពិតដែលជាកិត្តិយសដ៏ក្រៃលែង»។

កញ្ញា បន្តថា «សូមឱ្យប៉ា បានទៅកាន់សុគតិភព រួចចាកផុតទុក្ខទាំងឡាយឱ្យប៉ាបានទៅដោយស្ងប់ចិត្ត ព្រោះប៉ាបានខិតខំចិញ្ចឹមបីបាច់ថែរក្សាកូន ផ្គត់ផ្គង់ការហូបចុកស្នាក់នៅ ការសិក្សារៀនសូត្រ ប្រកបដោយព្រហ្មវិហារធម៌ ព្រមជាមួយការអប់រំទូន្មានរបស់ប៉ាដែលជំរុញឱ្យរូបកូនមានថ្ងៃនេះ។ ប៉ាបានបំពេញតួនាទីជាឪពុកដ៏ល្អមួយរូប តែពេលនេះប៉ាបានចាកចេញទៅកាន់លោកខាងមុខហើយ សូមឱ្យប៉ាទៅដោយមានសេចក្តីស្ងប់សុខចុះ»៕  ប្រាថ្នា


ចែករំលែក៖