ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម ៣នាក់ត្រូវបានម្ចាស់ផ្ទះ ម៉ាស្សា កោសឃាត់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់៣ បន្ទាប់ពីពួកគេចូលទៅកោសជប់រួចឆ្លៀត ឱកាសលួចស្លាក យីហោ ឲ្យបក្ខពួកម្នាក់ទៀតដាក់តាមរ៉ឺម៉កមួយគ្រឿងយកទៅបាត់ បង្កឲ្យមានការភ្ញា់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះម៉ាស្សារ កោសជប់ យីហោ ៧៧៧៧ លេខH15 ផ្លូវលេខ២៥៦ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែរត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនមានឈ្មោះ ម៉ៅ មុខរបរដឹកផ្លែឈើនៅផ្សារដើមគ ចំណែកបក្ខពួកពីរនាក់ទៀតម្នាក់ឈ្មោះ ទូច និងម្នាក់ទៀតមិនស្គាស់អត្តសញ្ញាណគេចខ្លួនបាត់ ។
តាមសម្តីនារីជាអ្នកម៉ាស្សាកោសជប់ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរូបគាត់ឃើញជនសង្ស័យ ២នាក់បាននាំគ្នាចូលមករកឲ្យរូបគាត់កោសជប់ រួចរូបគាត់បានប្រាប់ថា តម្លៃកោសជប់ក្នុងមួយនាក់តម្លៃ១៥០០០រៀល ខណ:នោះជនសង្ស័យម្នាក់បានយល់ព្រមរួចបានឡើងទៅឡៅតឿ ជាកន្លែងកោសជប់ រីឯម្នាក់ទៀតបានអង្គុយចាំនៅខាងក្នុងខាងក្រោម លុះពេលរូបគាត់កោសជប់ ឲ្យជនសង្ស័យរួចស្រាប់តែក្រឡេកមើលក្រោមឃើញជនសង្ស័យ ដែលអង្គុយចាំនៅខាងក្រោមដើរចេញមកក្រៅ ហើយបានលើកស្លាកយីហោ យកដាក់លើរ៉ឺម៉កម៉ូតូមួយគ្រឿង ដែលមានបក្ខពួកម្នាក់ទៀតរង់ចាំនៅខាងក្រៅយកទៅបាត់ រួចនាំគ្នាគេចខ្លួនបាត់ស្រមោល ភ្លាមនោះរួបគាត់បានឃាត់ខ្លួនជនសង្ស័យ ដែលចូលមកកោសជប់ម្នាក់ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។
បច្ចុប្បន្នសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ នាំខ្លួនមកសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ