ភ្នំពេញ ៖ នារីម្នាក់ បានបើករថយន្តព្រូសមួយគ្រឿងទាំងមេឃកំពុងភ្លៀងខ្លាំង បណ្តាលឲ្យស្រអាប់កញ្ចក់រថយន្តមើលមិនច្បាស់ ជ្រុលចង្កូតទៅក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាងកៀបអ្នកបើកបររងរបួសស្រាល ។
ករណីគ្រោះថ្នាក់ចរារចណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
រថយន្ដបង្កម៉ាក តូយូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY:7793 បើកបរដោយនារនារីម្នាក់ ។
បើតាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ ដែលយាមនៅធនាគារមួយកន្លែងនៅជិតកន្លែងកើតហេតុនោះបានប្រាប់ឲ្យដឹងថា ពេលកើតហេតុគឺមេឃកំពុងតែភ្លៀងខ្លាំង ខណៈនោះ ក៏មានរថយន្តបង្កខាងលើបើកបរតាមបណ្តោយផ្លូវមហាវិថីម៉ៅសេទុង ក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ឆ្លងស្តុប ហើយដោយសារទ្រូងផ្លូវមានលក្ខណៈមិនស្មើគ្នាផង បូករួមនឹងមេឃកំពុងតែភ្លៀងខ្លាំងធ្វើឲ្យស្រអាប់កញ្ចក់រថយន្តមើលសូវច្បាស់ផង ទើបជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ ចំកង់មុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងច្រងាងម្ខាង ធ្វើឲ្យជាប់អ្នកបើកបរក្នុងរថយន្ត ហើយភ្លាមៗ បន្ទាប់ពីបង្កហេតុនោះដែរ រថយន្តបង្កត្រូវ សន្តិសុខយាមធនាគារ និង ប្រជាពលរដ្ឋផ្សេងទៀត ដែលធ្វើដំណើរឆ្លងកាត់ទីនោះប្រទះឃើញ ក៏ចុះជួយលើករថយន្ដផ្ងារមកវិញ និងទាញជនរងគ្រោះចេញមកក្រៅដោយសុវត្ថិភាព ។
ក្នុងហេតុការណ៍នេះដែរ អ្នកបើកបរគ្រាន់តែរបួសតិចតួចប៉ុណ្ណោះ ចំណែករថយន្តខូចខាត មួយកំណាត់មុខ ចំហៀងខាងឆ្វេង និង ទ្វាររថយន្តទាំងពីរ ចំហៀងខាងស្តាំ។
ក្រោយកើតហេតុ ជនរងគ្រោះ បានហៅកង់បីជិះឌុបខ្លួនទៅព្យាបាលរបួសបាត់ បន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ ឲ្យសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យនរគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំចូលខ្លួនទៅដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ