ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ទំនងជាស្រវឹងស្រាបើករថយន្ត ជ្រុលបុកទ្រូងផ្លូវបែកកង់ ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តស៊េរីទំនើប ជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តរងការខូចខាតមួយចំហៀងមុខផ្នែកខាងឆ្វេងបែកកង់ ទៅមុខលែងរួច កាលពីវេលាម៉ោង៩នឹង២៥នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេ២៨៩ កែងនិងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក NISSAN-X-TRAIL ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2-AX-8671 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ៥២៨ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានបត់ស្តាំដៃមកផ្លូវលេខ២៨៩ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់មួយកង់ ចំណែករថយន្តបែកកង់ទៅមុខលែងរួច រីឯអ្នកបើកបរបានគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទំនាក់ទំនងទៅជំនាញចរាចរចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖