កន្លងមក បណ្តាប្រទេសអឺរ៉ុប ក្នុងនោះមាន អង់គ្លេស បារាំង អាល្លឺម៉ង បានថ្កោលទោសដល់យុទ្ធនាការយោធា របស់តួកគី។ ក្រៅពីនេះនៅមានប្រទេសជាច្រើនជុំវិញពិភពលោក ក៏បានថ្កោលទោសផងដែរ។
ប្រធានាធិបតីស៊ីរី លោក Tayyip Erdogan បានព្រមានថា នឹងបើកទ្វារឲ្យជនភៀសខ្លួនសេរី រាប់លាននាក់ចូលទៅកាន់តំបន់អឺរ៉ុបប្រសិនបើ អឺរ៉ុប លូកដៃ រារាំង សកម្មភាពយោធារបស់តួកគី នៅតំបន់ភាគខាងជើង ប្រទេសស៊ីរី។
សារព័ត៌មាន TRT របស់តួកគីនៅថ្ងៃទី១១ ខែតុលា បានផ្សាយថា «នៅក្នុងប្រទេសរបស់ខ្ញុំមានជនភៀសខ្លួនសីរីដល់ទៅ៣,៦លាននាក់ដូចសហគមន៍អឺរ៉ុបបានដឹង។ ដូច្នេះអឺរ៉ុប មិនត្រូវប្រែក្លាយយុទ្ធនាការយោធា របស់តួកគី ទៅជាការឈ្លានពានទឹកដីស៊ីរីនោះឡើយ។ ប្រសិនបើអស់លោក នៅតែចោទប្រកាន់តួកគីថាឈ្លានពាន ស៊ីរីនោះ យើងនឹងអនុញ្ញាតឲ្យជនភៀសខ្លយនជិត៤លាននាក់ ចូលទៅកាន់អឺរ៉ុប»។
លោកErdogan បានបញ្ជាក់ថា យុទ្ធនាការយោធារបស់តួកគីទៅលើទឹកដី ស៊ីរី ជាសកម្មភាពមានឈ្មោះថា «សន្តិភាពនិទាឃរដូវ» ជាសកម្មភាពនៃក្តីស្រឡាញ់សម្រាប់ពលរដ្ឋស៊ីរី ហើយការពារស៊ីរី រួចផុតពីក្រុមប្រដាប់អាវុធជនជាតិឃឺដ។ តួកគី ចាត់ទុក ជនជាតិឃឺដ ជាក្រុមភេរវកម្ម។
កន្លងមកតួកគីបានប្រកាស់ថា នឹងមិនបញ្ជូនទាហានចូលជ្រៅលើសពី៣០គីឡូម៉ែត្រពីព្រំដែននោះឡើយ។
អង្គការសិទ្ធិមនុស្ស បានបង្ហាញក្តីបារម្ភថា សង្គ្រាមដែលបានអូសបន្លាយរយៈពេល ជាង ៨ឆ្នាំកន្លងមក នៅក្នុងប្រទេសស៊ីរី អាចនឹងបន្ត ទៅមុខទៀតនឹងកាន់តែអាក្រក់ជាងមុន។ អង្គការសិទ្ធិមនុស្សស៊ីរី បានប្រកាសថា មានពលរដ្ឋ ជាង ៦ម៉ឺននាក់បានភៀសខ្លួនចេញពីភាគខាងជើង ប្រទេសស៊ីរី ក្នុងរយៈពេល ២៤ម៉ោងកន្លងមក។
ជនស៊ីវិលរាប់ពាន់នាក់បាននាំគ្នារត់ភៀសខ្លួនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ខណៈដែលក្រុមជនជាតិឃឺដស៊ីរី ចេញប្រយុទ្ធតតាំងជាមួយការឈ្លានពានរបស់កងកម្លាំងទាហានតួកគី។ ទាហានតួកគីបានសម្រុកវាយប្រហារតាមដែនអាកាស និងការបាញ់គ្រាប់ផ្លោង និងកម្លាំងថ្មើរជើង ធ្វើឲ្យពលរដ្ឋភ័យខ្លាចតក់ស្លុត។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាបុគ្គលម្នាក់ត្រូវបានគេម៉ៃថា ជាអ្នកផ្តល់ភ្លើងខៀវឲ្យតួកគីឈ្លានពានស៊ីរីភាគខាងជើង បើទោះបីបដិសេធន៍យ៉ាងណាក៏ដោយ ។ ក្រុមឃឺដ ពីមុនគឺជាសម្ពន្ធមិត្តរបស់អាមេរិក កៀកស្មាគ្នាប្រយុទ្ធជាមួយក្រុមភេរវកម្ម IS ។ ប៉ុន្តែនៅពេលអាមេរិកបោះបង់ចោល ដោយដកកម្លាំងទាហានចេញនោះ តួកគីក៏ចាប់ផ្តើមលុកលុយកម្ទេចក្រុមឃឺដតែម្តង ។ រដ្ឋាភិបាលតួកគីបានចាត់ទុកក្រុមឃឺដជាអង្គការភេរវកម្មជាយូរមកហើយ ។ ប្រតិបត្តិការរបស់តួកគីពេលនេះបានដាក់ឈ្មោះហៅថា ប្រតិបត្តិការសន្តិភាពនិទាឃរដូវ ។
ការវាយប្រហាររបស់តួកគីនៅពេលនេះ បង្កឲ្យមានការថ្កោលទោសពីគ្រប់ទិសទីក្នុងនោះមានពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាអឺរ៉ុបជាដើម ហើយបានទទូចឲ្យតួកគីបញ្ឈប់សកម្មភាពយោធាជាឯកតោភាគីនេះជាបន្ទាន់ ។
បន្ទាប់ពីការឈ្លានពានរបស់តួកគី លោកដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនអាចស្នើរវាងតួកគី និងក្រុមឃឺដសម្របសម្រួលគ្នាឈប់បាញ់ ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានប៉ាន់ស្មានថា ប្រជាជនស៊ីវិលប្រហែល៧ម៉ឺននាក់ បានភៀសខ្លួនចាប់តាំងពីទីកងទ័ពតួកគីឈ្លានពានស៊ីរី ដើម្បីកម្ទេចក្រុមជនជាតិឃឺដ។
នៅពេលនេះដែរប៉ូលិសតួកគី បានចាប់ផ្ដើមស៊ើបអង្កេត ពីបទឧក្រិដ្ឋទៅលើតំណាងរាស្រ្ដ ហើយចាប់ឃុំខ្លួនមនុស្សសំខាន់ៗជាច្រើននាក់ទៀត ដោយសារពួកគេ ជាប់ពាក់ព័ន្ធនឹងការរិះគន់តាមបណ្ដាញសង្គម ទៅលើការចូលលុកលុយរបស់កងទ័ពតួកគី នៅក្នុងលើទឹកដីស៊ីរី។
ប៉ូលិសតួកគី កាលពីថ្ងៃទី១០ ខែតុលា បានបាញ់ទឹកបំបែកហ្វូងបាតុករ និង ចាប់ឃុំខ្លួនសកម្មជនរាប់សិបនាក់ នៅក្នុងទីក្រុងឌីយ៉ារបាឃ័រ (Diyarbakir) នាភាគអាគ្នេយ៍ នៃតំបន់ក្រុមឃឺដ ជាទីដែលពួកគេតវ៉ាប្រឆាំងនឹងការរំលោភព្រំដែនរបស់កងទ័ពតួកគី។
ឈានចូលមកដល់ថ្ងៃទី២នេះ កងទ័ពតួកគី បានឡោមព័ទ្ធកងជីវពល YPG របស់ឃឺដ នៅភាគឦសាន នៃប្រទេសស៊ីរី។ នៅក្នុងប្រតិបត្ដិការសឹក តាមអ្វីដែលរដ្ឋាភិបាលតួកគី ហៅ «ប្រតិបត្ដិការសន្ដិភាពនិទាឃារដូវ» នោះ បានបង្ខំឱ្យមនុស្សរាប់ពាន់នាក់រត់ភៀសខ្លួន និង មនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានសម្លាប់។ ទីក្រុងអង់ការ៉ា បានចាត់ទុកក្រុម YPG ជាក្រុមភេរវករ ដែកមានទំនាក់ទំនងជាមួយពួកជីវពលបង្កគ្រោះថ្នាក់ដល់ប្រទេសតួកគី។
ប៉ូលិសប្រឆាំងនឹងកុបកម្មរបស់តួកគី បានបាញ់ទឹកបំបែកហ្វូងបាតុករ ហើយបន្ទាប់មកពួកគេបានចាប់ខ្លួនអ្នកដែលគាំទ្រគណបក្សប្រជាធិបតេយ្យប្រជាជនឃឺដ (HDP) នៅទីស្នាក់ការកណ្ដាលរបស់គណបក្សនេះ នៅក្នុង Diyarbakir ជាទីក្រុងដ៏ធំបំផុត នាភាគនិរតី។
មន្រ្ដីរបស់គណបក្ស HDP បាននិយាយថា នៅក្នុងហេតុការណ៍នោះ ប៉ូលិសតួកគី បានចាប់ខ្លួនសមាជិកគណបក្ស HDP ចំនួន២៥នាក់ ក្នុងនោះរួមទាំងចៅហ្វាយក្រុង Diyarbakir ផងដែរ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ម្សិលមិញនេះ អាជ្ញាធរតួកគីកំពុងតែស៊ើបអង្កេតទៅលើមេដឹកនាំគណបក្ស HDP និងអ្នកជាប់ឃុំឃាំងចំនួន២១នាក់ផ្សេងទៀត ដែលបានរិះគន់តាមបណ្ដាញសង្គម ចំពោះការលុកលុយរបស់កងទ័ពរបស់តួកគី ចូលទៅក្នុងទឹកដីស៊ីរី។
មេដឹកនាំគណបក្ស HDP បានអំពាវនាវឲ្យតួកគីបញ្ឈប់ការឈ្លានពាន ចូលមកក្នុងតំបន់របស់ខ្លួន។ ប៉ុន្ដែគណបក្សប្រឆាំងដ៏ធំបំផុតរបស់តួកគី បានគាំទ្រចំពោះប្រតិបត្ដិការយោធានេះ។
ដោយឡែកមេដឹកនាំ នៅលើពិភពលោក បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រោះមហន្ដរាយដល់មនុស្សជាតិ ហើយបានថ្កោលទោសចំពោះទង្វើរបស់តួកគី ផងដែរ៕