ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យបែកថ្នាំយុវជនម្នាក់យកប្រេងកាតដុតផ្ទះយាយរបស់ខ្លួនឯងឆេះទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យមួយបានកើតឡើង បង្កដោយយុវជនម្នាក់សង្ស័យបែកថ្នាំ បានយកប្រេងកាតដុតផ្ទះយាយរបស់ខ្លួនឯង បណ្ដាលឲ្យឆេះសម្ភារក្នុងផ្ទះ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ នៅម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះល្វែងជាន់ទី២ តាមបណ្ដោយផ្លូវ១០៧ កែងនិងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាយុវជនបង្កហេតុមានឈ្មោះ ផុត យូណាម អាយុ២៧ឆ្នាំ មុខរបបសន្តិសុខឯកជន រស់នៅជាមួយលោកយាយ នៅផ្ទះកើតហេតុ

បើតាមសម្ដីលោកយាយរបស់ជនបង្កបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គាត់ឃើញចៅប្រុសរបស់ខ្លួនមានអាការៈដូចជាបែកថ្នាំ ព្រោះចៅរបស់គាត់ធ្លាប់ប្រើប្រាស់សារធាតុញៀនជាប្រចាំ ហើយចៅរបស់គាត់បានប្រមូលខោអាវ ព្រមទាំងសម្ភារៈក្នុងផ្ទះមួយចំនួន រួចចាក់ប្រេងកាតដុតចោលតែម្ដង បណ្ដាលឲ្យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ទើបធ្វើឲ្យប្រជាពលរដ្ឋរស់នៅជិតខាងមានការព្រួសបារម្មណ៍ខ្លាចរាលដាលដល់ផ្ទះផ្សែងៗ ដោយអ្នកខ្លះយកទឹកមកជះពន្លត់ និងអ្នកខ្លះទៀតរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចឲ្យហៅរថយន្តពន្លត់មកជួយអន្តរាគមន៍បាញ់ពន្លត់ច្រើនគ្រឿងផងដែរ ។

ករណីអគ្គិភ័យនេះ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង តែប្រើប្រាស់អស់ទឹក៨ឡាន ដោយប្រើពេលជាង១ម៉ោង ទើបភ្លើងរលត់ទៅវិញជាស្ថាពរ សំណាងល្អក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។

បន្ទាប់ពីកើតហេតុយុវជនសង្ស័យបែកថ្នាំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល មនោរម្យ ដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖