ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាព ពាក់ព័ន្ធសង្គ្រាមវាយប្រហាររបស់តួកគីនៅក្នុងប្រទេសស៊ីរី

ចែករំលែក៖

ព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ បានផ្សាយថា មនុស្សយ៉ាងតិច ១១នាក់បានបាត់បង់ជីវិត និង៧៤នាក់ទៀតបានរងរបួស ក្នុងការវាយប្រហារតាមផ្លូវអាកាស ទៅលើក្បួនធ្វើដំណើររបស់កងកម្លាំងឃើដ ខណៈដែលតួកគីកំពុងធ្វើប្រតិបត្តិការយោធា យ៉ាងក្តៅគគុកនៅភាគខាងជើងស៊ីរី។

ហេតុការណ៍ខាងលើបានកើតឡើងនៅជាយក្រុង រ៉ាសអាល់វីន (Ras al-Ain) ដែលត្រូវបានកងទ័ពតួកគីចូលគ្រប់គ្រងកាលពីថ្ងៃអាទិត្យ ខណៈអ្នកសារព័ត៌មានបារាំងម្នាក់ស្លាប់ និង០២នាក់របួស នៅពេលដែលពួកគេធ្វើដំណើរជាមួយក្បួនរថយន្តកងកម្លាំងឃើដ ដែលទទួលរងការវាយប្រហារ។ យោធាតួកគីកំពុងបន្តធ្វើប្រតិបត្តិការ នៅតំបន់ភាគខាងជើងនៃប្រទេសស៊ីរី ប្រឆាំងនឹងក្រុមភេរវករ ISIS ហើយជាពិសេសនោះគឺសំដៅ លើកងកម្លាំងឃើដតែម្តងបន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចដកកងទ័ពចេញពីតំបន់នោះ។

នៅថ្ងៃអាទិត្យដដែល រដ្ឋបាលតំបន់ឃើដនៅភាគខាងជើងស៊ីរី ក៏បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលស៊ីរីផងដែរ ដោយក្នុងនោះស៊ីរីបានយល់ព្រមដាក់ពង្រាយកងទ័ព នៅតាមបណ្តោយព្រំដែនជាមួយស៊ីរី ដើម្បីជួយឃើដបណ្តេញទ័ពតួកគីឲ្យចេញទៅវិញ ស្របពេលដែលទីក្រុងដាម៉ាស់ចាត់ទុក សកម្មភាពយោធារបស់ទីក្រុងអង់ការ៉ា ជាការឈ្លានពានដ៏ធ្ងន់ធ្ងរមកលើបូរណភាពទឹកដីរបស់ខ្លួន។

គួរជម្រាបថា បើតាមតួកគី ការបើកយុទ្ធនាការយោធានៅភាគខាងជើងស៊ីរី មានគោលដៅបោសសម្អាតក្រុម ISIS និងឃើដដែលនៅក្បែរព្រំដែនភាគខាងត្បូងរបស់ខ្លួន ហើយបង្កើតតំបន់សុវត្ថិភាពមួយ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ឲ្យជនភៀសខ្លួន ស៊ីរីរាប់លាននាក់វិលត្រឡប់ទៅមាតុភូមិវិញ។ យ៉ាងណាមិញ អន្តរជាតិបានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ចំពោះការប្រើកម្លាំងបាយបែបនេះរបស់តួកគី ខណៈជនស៊ីវិលជាច្រើននាក់មកហើយ ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត។

នៅពេលនេះកម្លាំងទាហានប្រទេសស៊ីរី បាន បញ្ជូនទៅកាន់ព្រំដែន ជាប់ប្រទេសតួកគី ដើម្បីទប់ទល់ការឈ្លានពាន និងជួយដល់កម្លាំងជនជាតិ​ឃឺដ ទប់ទល់ការឈ្លានពានរបស់តួកគី។

តាមកិច្ចព្រមព្រៀងរវាងកម្លាំងជនជាតិឃឺដ និងរដ្ឋាភិបាលស៊ីរី កម្លាំងទាហានស៊ីរី នឹងបញ្ជូនទៅកាន់ព្រំដែន ដើម្បីបណ្តេញ ទាហានតួកគីចេញពីប្រទេស​។ ក្រៅពីនេះ​នៅក្នុងកិច្ចព្រមព្រៀង ទាហានស៊ីរី និងក្រុមជនជាតិឃឺដ​ប្តេជ្ញា ដណ្តើម ទីក្រុង នៅជាប់ព្រំដែនដែលតួកគី គ្រប់គ្រង ក្នុងនោះមានខេត្ត​ Afrin ​ជាដើម​ ។

តួកគីចាប់ផ្តើមធ្វើសង្គ្រាមនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីថ្ងៃទី​៩ ខែតុលា មកទល់ពេលនេះ ដោយបានវាយប្រហារ ទៅលើ ស្រុក​ Ras Al Ain។ ក្រោយការវាយប្រហារតាមដែនអាកាស កម្លាំងទាហានជើងគោកក៏បាន​វាយលុបចូលទឹកដីស៊ីរីផងដែរ ។

យុទ្ធនាការយោធារបស់តួកគី នៅក្នុងទឹកដីស៊ីរី ក្នុងគោលដៅ កម្ចាត់ក្រុមភេរវកម្ម IS ​និងកម្លាំងទាហានក្រុមជនជាតិឃឺដ​ ដែលរដ្ឋាភិបាលតួកគីចាត់ទុកថាជាក្រុមភេរវកម្ម​។

អង្គការសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា នៅក្នុងការវាយប្រហាររបស់តួកគី បានសម្លាប់មនុស្ស ១៣នាក់ ក្នុងនោះមានពលរដ្ឋ​ស្លូតត្រង១០​ ស្លាប់ដោយការវាយប្រហារតាមដែនអាកាសរបស់តួកគី ទៅលើរថយន្ត របស់ពួកគត់។ ក្រៅពីនេះនៅមានពលរដ្ឋ ស៊ីរី រាប់ម៉ឺននាក់ ត្រូវភៀខ្លួនជាបន្តទៅកាន់តំបន់មានសុវត្ថិភាព​៕


ចែករំលែក៖