ភ្នំពេញ៖ ឪពុកមា និងក្មួយពីរនាក់ជិះទូកត្នោតទៅបេះផ្កាស្នោ ត្រូវបានលង់ទឹកស្លាប់ទាំ២នាក់ក្នុងរណ្តៅដី ទោះបីអ្នកឃើញហេតុការណ៍ ជួយសង្គ្រោះយ៉ាងណា ក៏មិនទាន់ឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលម៉ោង ៨ព្រឹក ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចអូរក្រៅខាងក្រោយផ្ទះស្ថិតនៅក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះទី ១ឈ្មោះ ចយ សម្ផស្ស ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាកសិករទី ២ ឈ្មោះ ដន រិទ្ធ ភេទប្រុស អាយុ ៦ ឆ្នាំមុខរបរជាសិស្ស ទាំង២នាក់ ជាឪពុកមា និងក្មួយ រស់នៅក្បែរទីតាំងកើតហេតុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរង គ្រោះឪពុកមា និងក្មួយទាំងពីរនាក់បាន ជិះទូកត្នោតគោលបំណង ទៅបេះផ្កាស្នោរណ្តៅដែលគេជីកដីលក់នៅអូរក្រៅ ខាងក្រោយផ្ទះ ប៉ុន្តែដោយសារទឹកជ្រៅ ហើយមិនទាន់បានបេះផងក៏ស្រាប់តែក្រឡាប់ទូកលិចបណ្ដាលឲ្យលង់ស្លាប់ទាំង ២នាក់យ៉ាងអាណោចអាធ័មតែម្ដង ។
ភ្លាមៗអ្នកភូមិក៏នាំគ្នាទៅ ជួយស្រង់ដើម្បីឲ្យយកមក សង្គ្រោះ ប៉ុន្តែហួសពេលហើយជនរងគ្រោះទាំង ២នាក់បានដាច់ខ្យល់ស្លាប់បាត់ហើយ ។
បន្ទាប់ពីសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច័យរួចបាន បញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ ទឹកប្រាកដមែន ហើយក៏បានប្រគល់សពទៅ ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕ ជ្រោយពេជ្រ