ខេត្តសៀមរាប៖ យោងតាមផេកឧត្តសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ តាមបញ្ជាការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប និង ដោយការអនុញ្ញាត្តិពីលោកឧត្តសេនីយ៍ទោ ស្នងការនគរបាលខេត្តសៀមរាប កម្លាំងនគរបាលផែនសន្តិសុខ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខ បានចុះស្រាវជ្រាវរកឃើញក្រុមហ៊ុនរាជសីអង្គររៀលអ៊ីស្ទេកឯ.ក ដែលមានទីតាំង នៅបូរីទេសចរណ៍ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបានអញ្ជើញប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងប្រធានរដ្ឋបាលមកសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីក្រុមហ៊ុនខាងលើនេះបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្សព្វផ្សាយលក់ដីឡូតិ៍មិនមានភាពប្រក្រតី ។
ឧត្តសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្ត បានបន្តទៀតថា កម្លាំងជំនាញបានធ្វើការសាកសួរ ដោយបុគ្គលឈ្មោះ ហ៊ិន ផាន្នី ភេទប្រុស អាយុ៣៧ឆ្នាំ បានធ្វើការបំភ្លឺនិងសារភាពថាក្រុមហ៊ុនរបស់គាត់ គឺបុគ្គលិកគាត់ បានផ្សព្វផ្សាយលក់ដីឡូ នៅស្រុកសូទ្រនិគម ដែលមានក្រុមហ៊ុនចិននឹងមានគម្រោង បើកកាស៊ីណូចិនម៉ាកាវ នៅក្បែរក្រុមហ៊ុនលក់ដីឡូតិ៍របស់គាត់ ។
តែការផ្សព្វផ្សាយនេះ មិនមែនជាការពិតទេ ហើយគាត់បានសារភាពថា សុំការអភ័យទោស និងលើកលែងទោសពីសំណាក់ បណ្តាញហ្វេសបុក និងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំអាជ្ញាធរគ្រប់មន្ទីរក្រសួងទាំងអស់ សូមធ្វើកិច្ចសន្យាចំពោះមុខសមត្តកិច្ច និងឈប់បន្តសកម្មភាព ផ្សព្វផ្សាយទៀតហើយ ៕ សតារា