ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ អ្នករត់តុក្នុងហាងមិនប្រយ័ត្នធ្លាក់បែកទូរស័ព្ទភ្លៀវ គ្មានលុយសងបែកគំនិតឆក់ទូរស័ព្ទជនជាតិបរទេស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនឃាត់ខ្លួន ខណៈដែលពួកគេនាំគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិបរទេសស្បែកស មិនបានសម្រេច កាលពីវេលាម៉ោង៣ និង៥០ នាទីទៀបភ្លឺថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យុវជនសង្ស័យ២នាក់នេះ ទី១ឈ្មោះ ថង ប៊ុនថាក់ អាយុ១៦ ឆ្នាំស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ រស់ សុវណ្ណចាស់លីន អាយុ១៥ ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ យុវជនទាំង២នាក់ មុខរបជាអ្នករត់តុនៅហាងមួយកន្លែង។

បើតាមសំដីសមត្ថកិច្ចខណ្ឌចំការមន បានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងភូមិសាស្ត្រនៅតាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ឃើញយុវជន២ នាក់ជិះម៉ូតូម៉ាក suzukiនិច ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HV-7584 គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិបរទេសតែមិនបានសម្រេច ក៏សមត្ថកិច្ចដេញឃាត់ខ្លួនបាននៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានយកមកសួរនាំនៅអធិការដ្ឋានខណ្ឌចំការមន។

នៅចំពោះមុខសមត្ថកិច្ចយុវជនទាំង២នាក់បានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិបរទេសពិតប្រាកដមែនដោយសារតែរូបគេធ្វើការជាអ្នករត់តុនៅហាងមួយកន្លែង ក៏ធ្វើឲ្យទូរស័ព្ទរបស់ភ្ញៀវធ្លាក់បែក ដោយគ្មានលុយចេញថ្លៃជួសជុលព្រោះតូរស័ព្ទថ្លៃពេក រួចមកត្រូវម្ចាស់ហាងចេញថ្លៃជួសជុលឲ្យហើយ ក៏គ្មានលុយសងទៅម្ចាស់ហាងទើបពួកគេបានសុំច្បាប់មួយថ្ងៃ ដើម្បីជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទយកទៅលក់ ដើម្បីយកលុយមកសងថៅកែហាងវិញ។

បច្ចុប្បន្នយុវជនទាំង២ នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕ស រស្មី


ចែករំលែក៖