ភ្នំពេញ៖ ភាពយន្តខ្នាតធំរឿង រសាត់អណ្តែត និយាយអំពីជិវិតពលករចំណាកស្រុកដែលបានថតនៅកម្ពុជា បានក្លាយជាបេក្ខភាពភាពយន្តល្អបំផុតរបស់ប្រទេសអូស្ត្រាលីសម្រាប់យកទៅប្រកួតក្នុងកម្មវិធីពានរង្វាន់អូស្ការ(Oscars Academy Awards)លើកទី៩២នាពេលខាងមុខ ។ មុនពេលចេញប្រកួតភាពយន្តនេះត្រូវបានប្រកាសចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅកម្ពុជាចាប់ពីថ្ងៃទី១៨ខែ តុលាឆ្នាំ ២០១៩នេះ ក៏ត្រូវនឹងទិវាប្រឆាំងការជួញដូរមនុស្សពិភពលោកផងដែរ ។
រឿង រសាត់អណ្តែត ត្រូវបានគាំទ្រក្នុងការផលិតដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា (CFC) ។ រឿងរសាត់អណ្តែត គឺជារឿងដែលត្រូវបានជ្រើសរើសជាបេក្ខភាពរបស់ប្រទេសអូស្រ្តាលីសម្រាប់រឿងខ្នាតវែងអន្តរជាតិល្អបំផុតឯពានរង្វាន់ពានរង្វាន់ OSCARS Academy Awards ឆ្នាំ២០២០ ហើយនឹងត្រូវចាក់បញ្ជាំងតាមរោងភាពយន្តទាំងអស់នៅកម្ពុជាចាប់ពីថ្ងៃទី ១៨ ខែតុលា នេះតទៅ។រឿងរសាត់អណ្តែត ត្រូវបានសរសេរឡើងផ្អែកលើព្រឹត្តិការណ៍ពិតនៃទាសភាពបច្ចុប្បន្ន ។ ខ្សែភាពយន្តនេះ គឺជាខ្សែភាពយន្តបែបសោទនាកម្មដែលត្រូវបានថតស្ទើរតែទាំងស្រុងនៅលើសមុទ្រក្នុងប្រទេសកម្ពុជា ដែលរៀបរាប់អំពីក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ឈ្មោះ “ចក្រា” ជាជនជាតិខ្មែរ ដែលបានចាកចេញពីផ្ទះ និងស្រុកកំនើតរបស់ខ្លួនដើម្បីស្វែងរកជីវិតដែលប្រសើរជាងមុន ប៉ុន្តែបែរជាធ្លាក់ខ្លួនធ្វើជាទាសករនេសាទតាមទូកទៅវិញ។
ខ្សែភាពយន្តនេះ បានទទួលពានរង្វាន់ធំមួយពីមហោស្រពភាពយន្តអន្តជាតិប៊ែកឡាំងឆ្នាំ២០១៩នេះ ហើយមានការចាប់អារម្មណ៍ជុំវិញពិភពលោក ។ រឿងរសាត់អណ្តែត គឺជាខ្សែភាពយន្តខ្នាតវែងដំបូងបង្អស់ពីអ្នកនិពន្ធ និងអ្នកដឹកនាំជនជាតិអូស្ត្រាលី លោក Rodd Rathjen ដែលផលិតដោយក្រុមហ៊ុន Causeway Film របស់ អ្នកស្រី Sam Jennings (រឿង Cargo) និង អ្នកស្រី Kristina Ceyton (រឿង The Nightingale និង រឿង The Babadook) ជាមួយ អ្នកស្រី Rita Walsh (ជំនួយការ)។
អ្នកនិពន្ធ និងអ្នកដឹកនាំ លោក Rodd Rathjen បានមានប្រសាសន៍ថា “បទពិសោធន៍នៃការផលិតខ្សែភាពយន្តនៅកម្ពុជាគឺបទពិសោធន៍ដែលបានផ្លាស់ប្តូរជីវិតរបស់គាត់ ហើយគាត់មានកិត្តិយសណាស់ដែលបានធ្វើការជាមួយតួសម្តែង និងក្រុមការងារបច្ចេកទេសកម្ពុជា ថៃ វៀតណាម និងមីយ៉ាន់ម៉ា ។ នេះជាបទពិសោធន៍ដ៏អស្ចារ្យក្នុងជីវិតរបស់ខ្ញុំ។”
ផលិតករ Sam Jennings, Kristina Ceyton និង Rita Walsh បានមានប្រសាសន៍ថា “ក្រុមការងារទាំងអស់របស់ រឿង រសាត់អណ្តែត ពិតជាមានកិត្តិយសណាស់ដែលខ្សែរភាពយន្តនេះត្រូវបានដាក់ជាបេក្ខភាពរបស់ប្រទេសអូស្រ្តាលីសម្រាប់ពានរង្វាន់ OSCARS Academy Awards ។ ខ្សែភាពយន្តនេះ អាចកើតឡើងបានដោយការប្តេជ្ញាចិត្តដ៏អស្ចារ្យរបស់អ្នកពាក់ព័ន្ធទាំងអស់ និងការចូលរួមដ៏មុះមុតរបស់អ្នករស់រានមានជីវិតដែលបានចែករំលែករឿងរ៉ាវរបស់ពួកគេ ។ ពួកគេបានជឿជាក់ពូកយើង និងអនុញ្ញាតឲ្យយើងនាំយកបទពិសោធន៍របស់ពួកគេប្រាប់ទៅកាន់ពិភពលោក ដោយពួកគេពោលថា គ្មាននរណាម្នាក់អាចលឺពួកយើងបានឡើយ ហើយក៏គ្មានអ្នកណាដឹងថាយើងនៅទីនេះដែរ។”
លោក Cedric Eloy ដែលជាទីប្រឹក្សាអន្តរជាតិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា បានមានប្រសាសន៍ថា “រឿង រសាត់អណ្តែត បានថតនៅក្នុងប្រទេសកម្ពុជាដោយមានការគាំទ្រពីក្រុមបច្ចេកទេសភាពយន្ត និងក្រុមហ៊ុនផលិតកម្មក្នុងស្រុក ។ យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Causeway Films និង លោក Rodd Rathjen ដែលបានផលិតខ្សែភាពយន្តនៅក្នុងប្រទេសនេះ ។ រឿងនេះ ជារឿងដំបូងដែលនិយាយពីទាសភាពបច្ចុប្បន្ននៅលើនាវានេសាទដែលស្តែងចេញពីការពិតនៅក្នុងខ្សែរភាពយន្ត ។ យើងជឿជាក់ថាខ្សែភាពយន្តនេះ នឹងផ្តល់សារដល់កម្មករ អ្នកចែកចាយ អ្នកបរិភោគ និងរដ្ឋាភិបាលឲ្យពិចារណាលក្ខខណ្ឌការងារឲ្យបានដិតដល់នៅក្នុងឧស្សាហកម្មនេះ និងយល់ដឹងពីប្រភពនៃអាហារសមុទ្រ និងត្រីដែលពួកគេនាំចូល និងប្រើប្រាស់” ៕ វឌ្ឍនា