ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ​មានតែចងកសម្លាប់ខ្លួន បន្ទាប់ពីគណៈរដ្ឋមន្ត្រី​និរាករណ៍​រឿងលក់ដី​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អង្ករស្ទើរក្លាយទៅជាបាយ​ទៅហើយ…​ លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែលជាអ្នករៀបចំចាត់ចែងដាំបាយ ងំទៅហើយ​ថា នឹងបានចាត់ចែងចែកគ្នាស៊ី ប៉ុន្តែបែរជាត្រូវថ្នាក់លើ​លើកបាយជះចោល​ទៅវិញ ។ ប្រការនេះ​មានតែធ្វើ​ឲ្យលោកប្រធានមន្ទីរចងកសម្លាប់ខ្លួនតែប៉ុណ្ណោះ ពីព្រោះ ក្រៅតែពីភាពអាម៉ាស់ ក៏នៅមានបញ្ហាលុយកាក់ដែលភាគីអ្នកទិញ​បានកក់រាប់សែនដុល្លារ​ ហើយបានចាយអស់ទៅហើយនោះទៀត? ជម្រើសមានតែ​ចងកប៉ុណ្ណោះ ។

ទីស្តីការគណៈរដ្ឋមន្ត្រី​ពិតជាបានយកចិត្តទុកដាក់ចំពោះសេចក្តីអំពាវនាវ​របស់មន្ត្រីរាជការ​នៅក្នុងមន្ទីរកសិកម្មខេត្ត​កំពង់ស្ពឺនោះមែន ។ ទីបំផុត​ ដីរបស់រដ្ឋ​នៅក្នុងមន្ទីរកសិកម្ម​ខេត្តកំពង់ស្ពឺច្រើនជាង​១០ហិកតា ត្រូវបានរក្សាទុកជាសម្បត្តិរដ្ឋតទៅមុខទៀត ពោលគឺគណៈរដ្ឋមន្ត្រី​មិនព្រមតាមលោក ឈាង តុលា ដែលទើបនឹង​ឡើង​ធ្វើជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺម្ង៉ៃណោះ ឃុបឃិត​ឲ្យមានការលក់ដូរនោះទេ ។ មន្ត្រីរាជការ​នៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ​សាទរចំពោះចំណាត់ការ​របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក្រោមការសម្រេច​របស់នាយករដ្ឋមន្ត្រី ។ គេមិនដឹងថា តើលោកឈាង តុលា និងអ្នកនៅពីក្រោយនៃការឃុបឃិត​លក់ដីរដ្ឋ​ជាង​១០ហិកតា​រកងនូវភាពអាម៉ាស់​យ៉ាងណានោះទេ ។

គួរបញ្ជាក់ថា ថ្មីៗនេះ​ ទីស្តីការគណៈរដ្ឋមន្ត្រី​ បានចេញលិខិតមួយ​ដោយសម្រេចនិរាករណ៍ចោលលិខិតលេខ៨៩៦​ សជណ.កធ​ ចុះថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៩​ របស់ទីស្តីការគណៈរដ្ឋមន្ត្រី​ ។

ការសម្រេចនាពេលនេះ​ គឺ​ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ កាលពីថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៩​ ។

ស.ជ.ណ. របស់​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​អំពី​សំណើសុំ​ដោះដូរ​ដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ​ បាន​បញ្ជាក់​ទៅកាន់​រដ្ឋមន្ដ្រី​ទាំង​៣ ​រូប​គឺ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ដ្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។

ស.ជ.ណ. នោះ​សុំ​យក​ដី​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​កំពង់ស្ពឺ ទំហំ​១០ ហិកតា ៣១៨៩ ម៉ែត្រការ៉េ​ស្ថិត​នៅ​ភូមិ​ចម្ការដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ​ខេត្ដ​កំពង់ស្ពឺ​។

ស.ជ.ណ. អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ដើម្បី​ធ្វើ​បណ្ណ​កម្មសិទ្ធិ​ជា​ថ្នូរ​នឹង​ការសាងសង់​អគារ​ថ្មី​របស់​មន្ទីរ​កសិកម្ម​ខេត្ដ​កំពង់ស្ពឺ​លើ​ចំណែក​ដី​ទំហំ ១២ ​ហិកតា​ ២១០៥ ​ម៉ែត្រការ៉េ​។

ទោះបីយ៉ាងណា​ ពេលនេះទីស្តីការគណៈរដ្ឋមន្ត្រី​ សម្រេចនិរាករណ៍​ ចោលលិខិតនេះ​ វិញ​ ហេីយមហាជន​ រង់ចាំមេីលថា​ តេីអាជ្ញាធរពាក់ព័ន្ធនឹងមានចំណាត់ការយ៉ាងដូចម្តេចចំពោះ​ លោក​ ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ស្ពឺ​ ដែលកន្លងមក​ ធ្លាប់អះអាងថា​ មិនបានដឹងពីគម្រោងដោះដូរដីមន្ត្រីកសិកម្មនេះទេ​ ៕ចេស្តា


ចែករំលែក៖