ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូបុករថយន្តចតស្ងៀមពីក្រោយបណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោង០៨យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅលើស្ពានព្រែកព្នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកខ្សាច់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1301 ធ្វើដំណើរស្ពានព្រែកព្នៅក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ពាក់កណ្ដាលស្ពានរថយន្ត ក៏អស់ប្រេង មួយសន្ទុះក្រោយមកក៏មានម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមស៊េរី ឆ្នាំ ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HJ-6515 បើកបរដោយបុរសម្នាក់យ៉ាងលឿន ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យសន្លប់ស្ដូកស្ដឹក ភ្លាមៗនោះ ពលរដ្ឋឃើញហេតុការណ៍ក៏បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះយកទៅដល់មន្ទីរពេទ្យកាលម៉ែត តែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់ពេទ្យ ។ សាកសពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅខាងជំនាញចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ