បើទោះបីប្រទេសមហាអំណាចបរមាណូ បានប្រកាសថា នឹងបញ្ចៀស សង្គ្រាមបរមាណូ កើតឡើង មិនឲ្យគ្រោះមហន្តរាយកើតឡើងចំពោះមនុស្សជាតិ ដោយសារតែបរមាណូនោះឡើយ ។ ការប្រកាសទាំងនោះ គ្រាន់តែជាការ លួងចិត្តពលរដ្ឋនៅលើពិភពលោកកុំឲ្យបារម្ភពីសង្គ្រាមបរមាណូ ។ ប៉ុន្តែ បើយើងក្រឡែកមើលទៅកាន់ស្ថានភាពជាក់ ស្តែង គឺមហាអំណាច បរមាណូ បានត្រៀមលក្ខណៈរួចរាល់ សម្រាប់ប្រឈមមុខដោយសង្គ្រាមបរមាណូនឹងគ្នា ។
បច្ចុប្បន្ននៅលើពិភពលោក មាន ៩ប្រទេសមានគ្រាប់បែកបរមាណូ ក្នុងនោះ អាមេរិក និងរុស្ស៊ី មានច្រើន ជាងគេបង្អស់ ដោយអាមេរិក មាន៧៥០០គ្រាប់ រុស្ស៊ី៨៥០០ គ្រាប់ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថាបើមានសង្គ្រាមបរមាណូកើតឡើង មនុស្សរាប់ពាន់លាននាក់ អាចជាងពាក់កណ្តាលនៃមនុស្សរស់នៅលើភពផែនដីត្រូវស្លាប់។
នៅពេលនេះប្រទេសមហាអំណាចបរមាណូបានបង្កើនសកម្មភាព ត្រៀមលក្ខណអាវុធបរមាណូរបស់ខ្លួន ដើម្បីវាយប្រហារពេលមានសង្គ្រាមកើតឡើង ។
ពេលថ្មីៗ ប្រធានាធិបតីរុស្ស៊ីលោក ពូទីនបានត្រួតពិនិត្យ តាមដានរាល់សកម្មភាពធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ របស់កម្លាំងបរមាណូទាំង៣ គឺជើង គឺមីស៊ីល នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់ ដែលអាចវាយប្រហារដោយគ្រាប់បែកបរមាណូ ។ លោកទូទីនបានត្រួតពិនិត្យពីទីបញ្ជាការក្រសួងការពារជាតិ។
សមយុទ្ធទ្រង់ទ្រាយធំ នោះមានឈ្មោះថា Grom 2019 ដោយមានការចូលរួមពីកម្លាំងបរមាណូទាំង៣ ជាកម្លាំងខ្លាំងបំផុត របស់ទាហានរុស្ស៊ី ក្នុងការវាយប្រហារទម្លាក់គ្រាប់បែកបរមាណូទៅលើគោលដៅរបស់សត្រូវ ។
នៅដែនសមុទ្រ នាវាមុជទឹកប្រភេទ Delta បំពាក់មីស៊ីលបរមាណូ ប្រភេទ Sineva បានវាយប្រហារទៅលើគោលដៅដែលបានកំណត់ទុក។ សមយុទ្ធ Grom 2019 មានកម្លាំងទាហាន១២ ពាន់នាក់ចូលរួម ព្រមទាំង មីស៊ីល យន្តហោះចម្បាំងនិងនាវាចម្បាំង ជាច្រើនគ្រឿង ។
នាវាចម្បាំង បានបាញ់មីស៊ីល ឆ្លងទ្វីប Kalibr ចេញពីសមុទ្រ Barents និងCaspian ។ នៅលើដីគោកវិញ មីស៊ីល យុទ្ធសាស្ត្រ Iskander ត្រូវបានបាញ់ចេញពីតំបន់ភាគខាងត្បូង និងខាងកើតប្រទេស ទៅកាន់គោលដៅ ។ គ្រៅពីនេះ មីស៊ីលឆ្លងទ្វីប RS-24 Yars ក៏ត្រូវបានបាញ់ទៅកាន់គោលដៅនៅក្នុងតំបន់ Kamchatka ផងដែរ។ យន្តហោះទមា្លក់គ្រាប់យុទ្ធសាស្ត្រ Tu-95MS បានហោះហើរបំពេញភារកិច្ច ទៅទម្លាក់គ្រាប់ នៅគោលដៅ។ យន្តហោះនេះអាចបាញ់មីស៊ីល បំពាក់ក្បាល់គ្រាប់បរមាណូទៅកាន់គោលដៅនៅក្នុងតំបន់ Komi ៕