ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌច្បារអំពៅចុះរៀបចំសណ្តាប់ធ្នាប់ និងបោសសំអាតផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ និងរៀបចំសណ្តាប់ធ្នាប់នៅលើដងនានាក្នុងភូមិសាស្ត្រខណ្ឌឲ្យមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ អាជ្ញាធរខណ្ឌច្បារអំពៅបានចុះបោសសំអាតផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ។

ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កម្លាំងសន្តិសុខ ប្រចាំសាលាខណ្ឌបានចុះ រៀបចំសណ្តាប់ និងសម្អាតបរិស្ថានដោយប្រើប្រាស់រថយន្តបូមខ្សាច់ចេញពីលើផ្លូវជាតិលេខ១ ដែលខ្សាច់ទាំងនេះធ្លាក់ចេញពីរថយន្តដឹកខ្សាច់ចេញពីដេប៉ូលក់ខ្សាច់ និងបូមខ្សាច់នៅចំនុចភូមិបឹងស្នោ សង្កាត់និរោធ ។ ក្នុងនោះក្រុមសន្តិសុខប្រចាំនៅសាលាខណ្ឌច្បារអំពៅបាននាំគ្នាបោសសំអាតដីខ្សាច់ដែលធ្លាកមកលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និង ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ ជាពិសេសនៅតំបន់ស្មុគ្រស្មាញ ដូចជាផ្សារព្រែកឯង និងផ្សារច្បារអំពៅ ។ ដីខ្សាច់ទាំងអស់នេះធ្លាក់ចេញពីឡានដឹកខ្សាច់ និងឡានដីកដី ព្រោះនៅក្នុងភូមិសាស្ត្រសង្កាត់និរោធ និងសង្កាត់វាលស្បូវ សំបូរទៅដោយដេប៉ូលក់ខ្សាច់ និងទីតាំងក្រឡុកស៉ីម៉ង់ត៍ ។

សូមបញ្ជាក់ថាបញ្ហាសណ្តាប់ បរិស្ថាន អនាម័យ នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅមានភាពស្មុគ្រស្មាញគឺនៅតាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់តំបន់ច្រាំងបាក់សំបូរទៅដោយដេប៉ូលក់ឈើហើយរថយន្តដឹកឈើប្រភេទយីឌុប ភ្លៅ៤ ភ្លៅ៥ ចូលចតទាំងថ្ងៃទាំងយប់ មួយផ្នែកទៀតនៅតំបន់ផ្សាចាមក្នុងសង្កាត់ព្រែកប្រាក៍កំពុងតែធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ផងដែរ ។

ដោយឡែកនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលជាផ្លូវសេដ្ឋកិច្ចដ៍សំខាន់មានភ្ញៀវទេសចរណ៍អន្តរជាតិឆ្លងកាត់ជារៀងរាល់ថ្ងៃ ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅយកចិត្តទុកដាក់ចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ។ ទោះជាមានការយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថានអនាម័យយ៉ាងណាក៍ដោយ អ្នកលក់ដូរមួយចំនួននៅមិនទាន់ចូលរួមជាមួយអាជ្ញាធរឡើយ ពោលគឺនៅតែរំលោភលើដីចំណីផ្លូវដាក់តាំងលក់ទំនិញសព្វសារពើរដដែល ជាពិសេសក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង មកដល់ថ្ងៃនេះចិញ្ចើមផ្លូវជាតិលេខ១នៅក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯងមិនទាន់មានសណ្តាប់ធ្នាប់នៅឡើយទេ ៕ សណ្តោស


ចែករំលែក៖