ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀនទល់មុខកាសុីណូសៀងហៃ ឃាត់ខ្លួន៣នាក់ ថ្នាំញៀន១០កញ្ចប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ និងថ្នាំញៀន១០កញ្ចប់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ឃាត់ និងដកហូតបញ្ជូនមកអធិការដ្ឋាននគរាបលស្រុក ពាក់ពន្ធ័ ករណីជួញដូរ និងចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង១១ និង៤៥នាទីថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើផ្លូវថ្នល់ ទល់មុខកាសុីណូ សៀងហៃ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះដា វន់ អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំ មេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ទី២ឈ្មោះ យន់សាភា អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកសុីណូសៀងហៃ មានទីលំនៅភូមិ ពោធិ៍ ឃុំ មេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងទី៣.ឈ្មោះ ស្រី អ៊ុនប៊ុនគាន ភេទប្រុសអាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ ពោធិ៍ ឃុំ មេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

ប្រភពបន្តថា សមត្ថកិច្ចបានឆេកឆេរលើខ្លួនប្រាណជនសង្ស័យខាងលើ រកឃើញ ម៉្សៅក្រាមពណ៌ស សង្ស័យថាថ្នាំញៀន ចំនួន ១០ កញ្ចប់ វត្ថុតាងដកហូត រួមមានម៉ូតូ ម៉ាក Sirius ចំនួន ០១ គ្រឿង ពណ៌ក្រហម-ខ្មៅ (គ្មានស្លាកលេខ) ទូរស័ព្ទដៃចំនួន ៤ គ្រឿង ក្នុងនោះ នាឡិកាដៃ ០១ គ្រឿង សុីមកាតក្រុមហ៊ុន Metfone មិនទាន់ប្រើប្រាស់ ០៤ សន្លឹក ដែកកេះចំនួន០៣ផងដែរ ។

ប្រភពបន្តថា កម្លាំងជំនាញ នគរបាលដឹកនាំដោយលោក អ៊ុង ចិន្តា អធិការរងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកចន្រ្ទា សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាល សំរោង បានចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន នៅត្រង់ចំណុចលើផ្លូវថ្នល់ទល់ មុខកាសុីណូសៀងហៃ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់មកសាកសួរ និងធ្វើតេស្តទឹកនោម មានសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរក្សាទុកអធិការដ្ឋាននគរបាល ស្រុកចន្រ្ទា ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖