ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង១០យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្រ្តីជនជាតិថៃចំនួន២នាក់ ក្រោយពីសមត្ថកិច្ចគយប្រចាំព្រលានយន្តហោះខេត្តសៀមរាបបានឆែកឆេររកឃើញគ្រឿងញៀនទម្ងន់ជាង២៧គីឡូក្រាម ដែលជនសង្ស័យត្រៀមនឹងយកឡើងយន្តហោះ។
តាមមន្រ្តីនគរបាល នៃស្នងការរងនគរបាលខេត្តសៀមរាប បានឲ្យដឹងថា គ្រឿងញៀនដែលមានទម្ងន់សរុបចំនួន ២៧,៣០គីឡូក្រាម ត្រូវបានរកឃើញនៅក្នុងការបូបអ្នកដំណើរ ឈ្មោះ SAVAENGPHOL SUP HA PORN ភេទស្រី សញ្ជាតិថៃ អាយុ ៣៧ ឆ្នាំ និងអ្នកដំណើរឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ ។
មន្រ្តីបន្តថា ជនជាតិថៃទាំងពីរនេះនាក់ មានគោលដៅធ្វើដំណើរឆ្ពោះចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
គួររំលឹកដែរថា នៅប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចកម្ពុជាបានធ្វើការបង្រ្កាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ដែលរឹបអូសបានគ្រឿងញៀនទម្ងន់ជាង៩០គីឡូក្រាម នៅក្នុងខេត្តកំពង់ធំ ខណៈមេក្លោងចំនួន៤នាក់ ក្នុងនោះម្នាក់ជាជនជាតិថៃត្រូវបានចាប់ខ្លួន៕