ព័ត៌មានទាន់ហេតុការណ៍៖

បើកការដ្ឋានស្ថាបនាផ្លូវបេតុង៦ខ្សែ និងដាក់លូ៣ខ្សែនៅសង្កាត់និរោធ

ចែករំលែក៖

ភ្នំពេញ៖ ចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅសង្កាត់និរោធ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌច្បារអំពៅ បើកការដ្ឋាន ស្ថាបនា ផ្លូវបេតុង ៦ខ្សែ មានប្រវែងសរុប៩៣៧ម៉ែត្រ និងដាក់លូមូលដោះទឹក៣ខ្សែ ប្រវែង២៣៥ម៉ែត្រ នៅក្នុងភូមិតាងៅ ភូមិតាងៅក្រោម ភូមិឫស្សីស្រស់ ភូមិកោះនរា និង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង និងដាក់លូមូលក្នុងគម្រោមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ និងមានការចូលរួមពីប្រជាពលរដ្ឋទាំង២ភូមិប្រមាណជាង២០០រយនាក់ ។

ក្នុងពិធីនេះដែរលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះ សំណាល និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដោយសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងត្រូវចូលរួមសហការណ៍តាមដានការអនុវត្តគម្រោង និង យោគយល់ដល់ក្រុមការងារដែលកំពុងតែជួសជុលកែលំអរកំណាត់ផ្លូវបេតុងទាំង៦ខ្សែ និងដាក់លូដោះទឹក៣ខ្សែនេះ ។ ចំណែកក្រុមហ៊ុនដែលឈ្នះការដេញថ្លៃក្នុងការអនុវត្តគម្រោងត្រូវស្ថាបនាប្រកបដោយគុណភាព ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់រយៈពេលយូរ ហើយក្រុមហ៊ុនក៍ទទួលបានការសសើរពីប្រជាពលរដ្ឋ និងអាជ្ញាធរផងដែរ ។ ជាមួយគ្នានេះលោកអភិបាលខណ្ឌបានស្នើអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌក្នុងការផ្តល់ពត៍មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម ។រាល់ការផ្តល់ពត៍មានរបស់បងប្អូន អាជ្ញាធរ និងរក្សាការសម្ងាត់ជូន ហើយក៍មានន័យថាបងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិ សង្កាត់ មានសុវត្ថិភាព) អោយមានប្រសិទ្ធភាព ។

នៅចុងបញ្ចប់នៃពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងគ្មានសរសៃដែក និងដាក់លូដោះទឹកនេះដែរលោកអភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅកុំជឿតាមការឃោសនាញុះញុងបំផុសបំផុលពីសំណាក់ក្រុមបក្ខប្រឆាំងក្រៅច្បាប់ អាចនិយាយបានថាជាពួកឧទ្ទាម ក្នុងចេតនាអាក្រក់បង្កអសន្តិសុខសង្គម ។ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ដើម្បីជំរុញអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ៕ សណ្តោស


ចែករំលែក៖