ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម៦នាក់សង្ស័យថា ស្ថិតនៅក្នុងចំណោម៣៩នាក់ ដែលរកឃើញថាបានស្លាប់នៅក្នុងរថយន្តកុងតឺន័រ នៅប្រទេសអង់គ្លេស

ចែករំលែក៖

យ៉ាងហោចណាស់មនុស្ស ៦ នាក់ក្នុងចំណោម ៣៩ នាក់ដែលប្រទះឃើញថា ស្លាប់នៅក្នុងកុងតឺន័រដឹកទំនិញមួយនៅតំបន់ Essex នោះ ប្រទេសអង់គ្លេស ប្រហែលជាមកពីវៀតណាម ។

ប្រភពព័ត៌មានប៊ីប៊ីស៊ីអះអាងថា បានដឹងអំពីគ្រួសារ ជនជាតិវៀតណាម ៦ នាក់ដែលភ័យខ្លាចថាសាច់ញាតិរបស់ពួកគេ ស្ថិតក្នុងចំណោមជនរងគ្រោះ ទាំង៣៩នាក់ដែលបានស្លាប់នោះ។

ពួកគេរួមមានឣ្នកនាង Pham Thi Tra My អាយុ ២៦ ឆ្នាំ ដែលបានបាត់ដំណឹងតាំងពី គាត់បានផ្ញើសារកាលពីថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ថា នាងមិនអាចដកដង្ហើមបាននោះមកម្ល៉េះ។

មុននេះបុរសម្នាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Stansted ដោយប៉ូលីសសង្ស័យពីបទមនុស្សឃាត និងការឃុបឃិតជាមួយអ្នកធ្វើចរាចរណ៍។

បុរស ម្នាក់អាយុ ៤៨ ឆ្នាំ មកពីអៀរឡង់ខាងជើងគឺជាមនុស្សទី ៤ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការស៊ើបអង្កេតករណីខាងលើនេះ។

អាជ្ញាធរអង់គ្លេស បានចាប់ឃុំខ្លួនមនុស្សពីរនាក់ពីបទឃាតកម្ម ហើយអ្នកបើកបររថយន្តដឹកទំនិញកំពុងស្ថិតក្នុងការឃុំឃាំងពីបទឃាតកម្ម ។

បងប្រុសរបស់អ្នកនាងTra My គឺលោក Pham Ngoc Tuan បាននិយាយថា ប្រាក់ចំនួន ៣០០០០ ផោន (ប្រហែល 38,481 ដុល្លារសហរដ្ឋអាមេរិក) សម្រាប់ការនាំយកប្អូនស្រីរបស់គាត់ ទៅកាន់ចក្រភពអង់គ្លេស បានបង់ទៅឱ្យអ្នករត់ពន្ធមនុស្ស ហើយទីតាំងដែល រូបគាត់បានស្គាល់ចុងក្រោយរបស់នាងគឺ ប្រទេសបែលហ្ស៊ិក។

ក្រុមអ្នករត់ពន្ធត្រូវបានគេដឹងថា បានប្រគល់សងប្រាក់ដល់ក្រុមគ្រួសារមួយចំនួនផងដែរ។

ជាមួយគ្នានេះសាច់ញាតិរបស់ ង្វៀន ឌិញឡុង (Nguyen Dinh Luong) អាយុ ២០ ឆ្នាំក៏បាននិយាយដែរថា ពួកគេភ័យខ្លាចថា គាត់ស្ថិតក្នុងចំណោមជនរងគ្រោះទាំង៣៩នាក់នោះដែរហេីយ។

បងប្រុសរបស់ របស់អ្នកស្រី Tra My បានប្រាប់ ប្រភព BBC ថា“ ប្អូនស្រីរបស់ខ្ញុំបានបាត់ខ្លួននៅថ្ងៃទី ២៣ ខែតុលា តាមផ្លូវពីប្រទេសវៀតណាមទៅចក្រភពអង់គ្លេស ហើយយើងមិនអាចទាក់ទងនាងបានទេ។ យើងមានការព្រួយបារម្ភថា នាងអាចនឹងស្ថិតនៅក្នុង ករណី ប្រទះឃើញ មនុស្សស្លាប់ ចំនួន ៣៩នាក់នោះ។ យើងកំពុងស្នើសុំឱ្យប៉ូលីសអង់គ្លេសជួយស៊ើបអង្កេតដើម្បីឱ្យប្អូនស្រីរបស់ខ្ញុំអាចវិលត្រឡប់មកគ្រួសារវិញ។

ប្រភពបានបន្តថា សារចុងក្រោយដែលទទួលបានពី Tra My គឺនៅម៉ោង ២២ និង៣០ នាទី ថ្ងៃអង្គារ ពោលគឺពីរម៉ោងមុនពេល រថយន្តកុងតឺន័រនោះទៅដល់ស្ថានីយ Purfleet ពីទីក្រុង Zeebrugge ប្រទេសបែលហ្ស៊ិក។

គ្រួសាររបស់នាងបានចែករំលែកអត្ថបទដែលនាងTra My បានផ្ញើទៅឪពុកម្តាយរបស់នាង ដោយសរសេរថា“ ខ្ញុំពិតជាសោកស្តាយណាស់ ម៉ាក់ និងប៉ា ការធ្វើដំណើររបស់ខ្ញុំទៅកាន់ទឹកដីបរទេសបានបរាជ័យ”។”ខ្ញុំជិតស្លាប់ហើយ ខ្ញុំមិនអាចដកដង្ហើមបានទេ ។ ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ ម៉ាក់ និងប៉ា។ ខ្ញុំសុំទោសអ្នកម្តាយ “។

បងប្រុសរបស់ Tra My បានប្រាប់ BBC ថា ដំណើររបស់ប្អូនស្រីទៅកាន់ចក្រភពអង់គ្លេសបានចាប់ផ្តើម កាលពីថ្ងៃទី ៣ ខែតុលា។ នាងបានប្រាប់ក្រុមគ្រួសារមិនឱ្យទាក់ទងនាងទេ ពីព្រោះ “អ្នករៀបចំ” មិនអនុញ្ញាតឱ្យនាងទទួលការហៅ ទូរសព្ទនោះឡើយ។

លោកបាននិយាយថា“ នាងបានធ្វើដំណើរតាមយន្តហោះទៅប្រទេសចិន ហើយស្នាក់នៅទីនោះពីរថ្ងៃ បន្ទាប់មកទៀត បានចាកចេញទៅកាន់ប្រទេសបារាំង។ “នាងបានទូរស័ព្ទមកយើងនៅពេលនាងទៅដល់គោលដៅនីមួយៗ។ ការប៉ុនប៉ងដំបូងដែលនាងបានឆ្លងកាត់ព្រំដែនទៅចក្រភពអង់គ្លេសគឺនៅថ្ងៃទី ១៩ ខែតុលា ប៉ុន្តែនាងត្រូវគេចាប់បានហើយបានវិលត្រឡប់ទៅក្រោយវិញ។ ខ្ញុំមិនដឹងច្បាស់ពីកំពង់ផែណាទេ” ។

សារព័ត៌មានប៊ីប៊ីស៊ីបានលំអិតព័ត៌មានរបស់អ្នកនាងTra My ថាបានមកពីទីប្រជុំជន Nghen ស្រុក Can Loc ខេត្ត Ha Tinh ប្រទេសវៀតណាម នោះទៅកាន់ប៉ូលីសតំបន់ Essex រួមជាមួយព័ត៌មានលំអិតរបស់ អ្នកផ្សេងទៀតផងដែរ។

ជនជាតិវៀតណាមពីរនាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន – បុរសម្នាក់អាយុ ២៦ ឆ្នាំនិងស្ត្រីអាយុ ១៩ ឆ្នាំ។

ប្អូនប្រុសអាយុ ១៩ ឆ្នាំបាននិយាយថា ប្អូនស្រីរបស់គាត់បានទូរស័ព្ទមកគាត់នៅម៉ោង៧និង២០នាទី ម៉ោងក្នុងប្រទេសបែលហ្ស៊ិក កាលពីថ្ងៃអង្គារ ទី 22 ខែតុលា ដោយនិយាយថា នាងចូលទៅក្នុងធុងមួយហើយកំពុងបិទទូរស័ព្ទរបស់នាងដើម្បីចៀសវាងការរាវរក។

ប្រភពបន្តថា ចាប់តាំងពីពេលនោះមក គាត់ លែងបានទទួលដំណឹងពីនាង។

ប្រភពបាននិយាយថា អ្នករត់ពន្ធមនុស្សម្នាក់បានប្រគល់ប្រាក់សងទៅក្រុមគ្រួសារគាត់វិញទាំងយប់ហើយក្រុមគ្រួសាររបស់បុរសអាយុ ២៦ ឆ្នាំដែលគាត់កំពុងធ្វើដំណើរជាមួយ ក៏បានទទួលប្រាក់វិញដែរ។

អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសបានបញ្ជាក់ថា ពួកគេបានទាក់ទងជាមួយប៉ូលិស ក្នុងតំបន់Essex រួចហើយពាក់ព័ន្ធនឹង ករណីអ្នកនាង Tra My នេះ។

សូមបញ្ជាក់ថា ជនរងគ្រោះទាំងអស់ 39នាក់ ដែលប្រទះឃើញស្លាប់ ក្នុង រថយន្តកុងតឺន័រដឹកទំនិញ នោះ ប៉ូលីសនៅក្នុងតំបន់Essex បានបញ្ជាក់ថា មានបុរស 31 នាក់ និងស្ត្រី 8 នាក់ ហើយថា ពួកគេទាំងអស់នោះត្រូវបានគេជឿថាជាជនជាតិចិន។
សាកសពទាំងអស់នេះ ត្រូវបានរកឃើញ នៅសួនឧស្សាហកម្មមួយកន្លែង ស្ថិតនៅក្នុងតំបន់Grays កាលពីវេលាម៉ោង 1 និង 40 នាទី ថ្ងៃទី 23 ខែតុលា ឆ្នាំ 2019៕


ចែករំលែក៖