កាលពីមុនមានតែទាហានអាមេរិក ប៉ុណ្ណោះ ដែលបាញ់ប្រហារគ្នាឯងនៅក្នុងបន្ទាយ ដោយសារតែបញ្ហាផ្សេង ក្នុងនោះមាន បញ្ហាផ្លូវចិត្ត កើតស្ត្រេះខ្លាំងពេក មិនអាចបន្ធូរបាន។ ពេលនេះសកម្មភាពទាំងនោះបានកើតឡើងនៅក្នុង ទីតាំងយោធារបស់រុស្ស៊ីវិញម្តង់។
ទាហានរុស្ស៊ីម្នាក់បានបាញ់រះទៅលើមិត្តក្នុងក្រុម បណ្តាលឲ្យទាហាន៨នាក់ស្លាប់ និង២នាក់ រងរបួស។ ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងនៅទីតាំងយោធា ក្នុង តំបន់ Siberia កាលពីថ្ងៃទី២៥ ខែតុលា។
សារព័ត៌មាន Sputnik បានដកស្រង់សេចក្តីប្រកាសរបស់ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា នៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៥ ខែតុលា (ម៉ោងក្នុងតំបន់) មានទាហានម្នាក់បានបាញ់រ៉ះទៅលើមិត្តរួមក្រុម បណ្តាលឲ្យស្លាប់៨នាក់ និងរបួស២នាក់។
ទាហានដែលបាញ់ប្រហារនោះ ក៏ត្រូវបាញ់សម្លាប់ នៅនឹងកន្លែងផងដែរ។ ចំណែកទាហានរងរបួសបានបញ្ជូនទៅកាន់មន្ទីពេទ្យ ព្យាបាល ដោយមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការបាញ់ប្រហារខាងលើកើតឡើង ដោយសារតែ ទាហានរូបនោះ មានបញ្ហាផ្ទាល់ខ្លួន ស្មារតីមិនល្អ តានតឹងក្នុងការងារ កើតស្ត្រេះ ។ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ការបាញ់ប្រហារនោះមិនជាប់ពាក់ព័ន្ធកតព្វកិច្ចយោធានោះឡើយ ហើយក៏មិនមែនជាសកម្មភាពភេរវកម្មនោះដែរ។
កន្លងមក ការបាញ់ប្រហារបែបនេះ តែងតែកើតឡើងនៅក្នុងជួរកងទ័ពអាមេរិក តែពេលនេះបានកើតឡើងទៅលើកងទ័ពរុស្ស៊ីវិញម្តង។ នេះជារឿងគួឲ្យបារម្ភបំផុត ដោយពិបាកទប់ស្កាត់ ខ្លាំងណាស់៕