ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាយកដាវដេញចាក់និងជេរប្រមាថគេធ្វើឲ្យគេភ័យប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងរករឿង ជេរប្រមាថ បុរសម្នាក់ដែលជាអ្នកជិតខាងនឹងគ្នា និងមិនត្រឹមតែជេរប្រមាថទេ ថែមទាំងយកដាវដេញចាក់ទៀតផង ជាហេតុធ្វើឲ្យបុរសរងគ្រោះភ័យ ប្ដឹងសមត្ថកិច្ចឲ្យធ្វើការឃាត់ខ្លួន ។ ករណីនេះ បានកើតឡើង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩និងនាទី នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិខ្នាតាំងយូត្បូង ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ្វិន វ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ នេសាទត្រី រីឯជនរងគ្រោះឈ្មោះ
ង្វៀង ថាន់ប៊ិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ ។ ជនរងគ្រោះនិងជនសង្ស័យបច្ចុប្បន្នស្នាក់នៅភូមិ/ឃុំកើតហេតុ ។ ចំណែកវត្ថុតាងដកហូតបាន៖ ដាវ ចំនួន១ដើម ។

ប្រភពដដែលបន្ដថា កន្លងមក ជនសង្ស័យតែងតែរករឿងឈ្លោះជាមួយជនរង គ្រោះជាច្រើនដងមកហើយ និងធ្លាប់បានគម្រាម យកដាវដេញកាប់ជនរងគ្រោះ និងធ្លាប់បានយកដំបងឬស្សីវាយទៅលើជនរងគ្រោះថែមទៀត ហើយក៏ត្រូវសមត្ថកិច្ចធ្លាប់ហៅមកធ្វើការអប់រំណែនាំជាច្រើនដងមកហើយដែរ ។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះកំពុងតែផឹកទឹកតែនៅផ្ទះរបស់ឈ្មោះ ហ្វិន អ៊ី ពេលនោះជនសង្ស័យ មិនដឹងជាស្រវឹងស្រា មិនដឹងជាមកពីណា ក៏ជេរ ហើយរករឿងចង់វៃទៅលើជនរងគ្រោះ បន្ទាប់មកក៏ទៅយកដាវមកដេញចាក់លើជនរងគ្រោះ ដោយឃើញដូចនោះ ជនរងគ្រោះបានរត់ទៅផ្ទះរបស់ខ្លួនវិញ ហើយជនសង្ស័យបានទៅតាមដល់ផ្ទះ រួចបានជេរប្រមាថជនរងគ្រោះថែមទៀតផង ដោយមានមានការភ័យពេក ជនរងគ្រោះបានរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ដើម្បីជួយអន្ដរាគមន៍ ចាត់ការតាមច្បាប់ តែម្ដង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ភ្លាមនោះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកជ្រៃ ចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ ព្រមជាមួយដាវ១ដើម យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកជ្រៃ រួចកសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖