ភ្នំពេញ: ជនជាតិចិន៥នាក់ផឹកសុីស្រវឹងរៀងៗខ្លួន កើតជាទំនាស់ វាយគ្នាឯងបណ្តាលឲ្យបុរសចិនម្នាក់សន្លប់ស្តូកស្តឹង ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង ១០ និង ២០នាទីយប់ថ្ងៃច័ន្ទ ទី ២៨ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចផ្លូវបេតុង ទល់មុខសាលារៀនត្រពាំងស្វាយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនជាតិចិនមួយក្រុមខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញជនជាតិចិនចំនួន ៥នាក់បានផឹកស៊ីជាមួយគ្នា តែមិនដឹងថាមានរឿងអ្វីទេ បានជាទាស់ពាក្យសម្ដី រួចវាយគ្នាសន្លប់ស្តូកស្តឹងម្នាក់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ ដោយឃាត់បានជនជាតិចិនចំនួន៤នាក់ យកទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំ ហើយក៏ទាក់ទងទៅរថយន្តសាមុយ មកដឹកជនរងគ្រោះ យកទៅសង្គ្រោះផងដែរ ។
ប្រភពដដែលបានប្រាប់ថា ជនជាតិទាំងអស់នោះ ធ្វើការជាមេការសំណង់ ស្នាក់នៅកន្លែងកើតហេតុ។
បច្ចុប្បន្នជនបង្កហេតុជាជនជាតិចិនចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ