ប្រទេសជាច្រើនបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាព របស់អាមេរិករក្សាទាហាន ការពារអណ្តូងរ៉ែនៅក្នុប្រទេសស៊ីរី ហើយអណ្តូងប្រែងទាំងនោះ ត្រូវបានអាមេរិក ខួងយកទៅលក់ ដូចជារបស់ខ្លួន។ ទាំងនោះគឺជាគោលដៅដែលអាមេរិក បញ្ជូនទាហាន ទៅកាន់ស៊ីរី គាំទ្រដល់ក្រុមជនជាតិឃឺដ ដណ្តើមទីតាំងប្រេងមកគ្រប់គ្រង ហើយចុងក្រោយអាមេរិក ជាអ្នកទទួលផល។
នៅពេលនេះរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) បានលើកឡើងបែបចំអកដាក់សហរដ្ឋអាមេរិកថា យ៉ាងហោចណាស់លោក ដូណាល់ ត្រាំ បង្ហាញភាពស្មោះត្រង់អំពីចេតនារបស់អាមេរិក ក្នុងការរក្សាវត្តមានកងទ័ពមួយចំនួន ឲ្យនៅក្នុងប្រទេសស៊ីរី គឺដើម្បីការពារតំបន់ប្រេងនៅទីនោះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។
ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃអង្គារសប្តាហ៍នេះ លោក Zarif បាននិយាយថា «មើលទៅសហរដ្ឋអាមេរិកបានសម្រេច បន្តរក្សាវត្តមានកងទ័ពមួយចំនួននៅស៊ីរី ដើម្បីការពារតំបន់ប្រេង ហើយយ៉ាងហោចណាស់ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញភាពស្មោះត្រង់ តាមរយៈការប្រាប់ពីចេតនារបស់អាមេរិក»។ កាលពីសប្តាហ៍មុន លោក ត្រាំ បាននិយាយថា កងទ័ពអាមេរិកមួយចំនួនតូចនឹងបន្តស្ថិតនៅក្នុងប្រទេសស៊ីរី ដើម្បីការពារតំបន់ផលិតប្រេង។
គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើរ (Mark Esper) បានបញ្ជាក់ថា កងទ័ពអាមេរិកនឹងរារាំងមិនឲ្យកងទ័ពរុស្ស៊ី និងស៊ីរីចូលកាន់កាប់តំបន់ប្រេងទាំងនោះ។ នាពេលកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រកាសដកកងទ័ពទាំងប្រមាណជា ១,០០០នាក់របស់ខ្លួន ចេញពីតំបន់ភាគខាងជើងប្រទេសស៊ីរី។
ជាមួយគ្នានេះអាមេរិកព្រមានថានឹងកម្ទេចកម្លាំងទាហានរុស្ស៊ី ប្រសិនបើចូលទៅគៀកតំបន់ប្រេងរបស់អាមេរិកនៅស៊ីរី។សកម្មភាពខាងលើកើតឡើង ក្រោយពេលដែល រុស្ស៊ីបានចោទប្រកាន់ អាមេរិកថា កំពុងតែប្លន់ប្រេងរបស់ស៊ីរី ។ នៅពេលនេះកម្លាំងទាហានអាមេរិកបានប្តេជ្ញា មិនចាកចេញពីស៊ីរីឡើយ ដោយនៅតែបន្តឈរជើងការពារដល់ទីបញ្ចប់ នូវផលប្រយោជន៍របស់អាមេរិក និងសម្ព័ន្ធមិត្ត។
បច្ចុប្បន្នស្ថានភាព ភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសស៊ីរី ប្រែប្រួលស្មុគ្រស្មាញយ៉ាងខ្លាំង បើទោះបីរដ្ឋាភិបាលទីក្រុង Damascus គ្រប់គ្រងផ្ទៃដីដល់ទៅ៦៥ភាគរយនៅស៊ីរី ប៉ុន្តែភាគច្រើនជាងតំបន់រាំងស្ងួត វាលរហោស្ថាន។
ចំណែកតំបន់សម្បូរទៅដោយធុនធានធម្មជាតិ សម្បូរប្រេង គឺប្រមូលផ្តុំនៅក្នុងតំបន់ភាគឦសាន្ត ដែលជាតំបន់គ្រប់គ្រងដោយកម្លាំងទាហានសេរីជនជាតិឃឺដ គាំទ្រដោយអាមេរិក ហើយពេលនេះ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាមេរិក។ នៅពេលនេះអាមេរិកក៏បានដឹកជញ្ជូនប្រេងទៅលក់ជារៀងរាល់ថ្ងៃ ។
ស្ថានភាពកាន់តែអាក្រក់ទៅក្រោយពេល កម្លាំងទាហានតួកគីវាយប្រហារ ទៅលើក្រុមជនជាតិឃឺដនៅលើទឹកដីស៊ីរី ចំណែកអាមេរិក ដែលជាសម្ព័ន្ធរបស់ក្រុមជនជាតិឃឺដវិញបែជាប្រកាសថាមិនជាប់ពាក់ព័ន្ធនោះឡើយ ហើយថែមទាំងបញ្ជារឲ្យដកទាហានចេញពីទីតាំង នានាក្នុងប្រទេសស៊ីរីទៀតផង។
រុស្ស៊ី និងអ៊ីរ៉ង់បានចេញសេចក្តីប្រកាសថា ការដែលអាមេរិក មានគម្រោងខួងយកប្រេងនៅលើទឹកដីស៊ីរី ដោយមិនទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលស៊ីរីនោះគឺជារឿងខុសច្បាប់ ជាសកម្មភាពប្លន់ ទាំងកណ្តាលថ្ងៃត្រង់។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrow កាលពីថ្ងៃទី២៩ ខែតុលា បានជួបជាមួយសមភាគីអ៊ីរ៉ង់ លោក Javd Zarif និងរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu នៅទីក្រុង ហ្វឺណែវ ដើម្បីពិភាក្សាស្តីពីស្ថានភាពនៅក្នុងប្រទេសស៊ីរី។នៅក្នុងសន្និសីទកាសែតរួម រុស្ស៊ីនិងអ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំង ដល់គម្រោងខួងយកប្រេងនៅក្នុងទឹកដីស៊ីរី ពីសំណាក់អាមេរិក។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov បានប្រកាសថា«រាល់សកម្មភាពខួងយកធុនធានធម្មជាតិនៅលើទឹកដីដែលមានដែនអធិបតេយ្យពេញលេញ ដោយមិនមានការអនុញ្ញាតពីថ្នាក់ដឹកនាំប្រទេសនោះគឺជារឿងខុសច្បាប់»។ ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏បានលើកឡើងផងដែរថាវត្តមានរបស់ទាហានអាមេរិកនៅលើទឹកដីស៊ីរី គឺជាខុសច្បាប់ ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បញ្ជាក់ទៀតថា កម្លាំងទាហានរុស្ស៊ីនិងអ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី គឺតបទៅតាមការអញ្ជើញរបស់រដ្ឋាភិបាលទីក្រុង Damascus មិនមែនមកដោយខ្លួនឯងឡើយ។ ចំណែកអមាេរិកវិញ មិនទទួលបានការអនុញ្ញាតពីស៊ីរីឡើយ។ចំណែកអ្នកនាំពាក្យប្រធានាធិបតីតួកគីវិញ បានបញ្ជាក់ថាធុនធានធម្មជាតិរបស់ស៊ីរី គឺជាកម្មសិទ្ធរបស់ពលរដ្ឋ ។
ដោយឡែកប្រធានាធិបតីអាមេរិក លោកដូណាលត្រាំ បានប្រកាសថាលោកចង់ឲ្យមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេង Exxon Mobil ឬក្រុមហ៊ុនផ្សេងទៀតរបស់អាមេរិក ដើម្បីខួងប្រេងនៅក្នុងទឹកដីស៊ីរី។ លោកត្រាំបន្តទៀតថា អាមេរិក មានចំណែក ក្នុងការយកប្រេងនៅទីនោះក្រោយដកទាហានចេញ។ លោកត្រាំបានបញ្ជាក់ទៀតថា អាមេរិក និងបន្តដាក់ទាហាមួយចំនួន ការពារប្រេងនៅលើទឹកដីស៊ីរី ៕