ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក: លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផល កំពង់ធំដេកមើលបទល្មើស

ចែករំលែក៖

បទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ធំ កំពុងកើតមានយ៉ាង គគ្រើកគគ្រេង ពោលគឺបទល្មើសស្បៃមុង, ប, អួន, សៃយឺន… ដែលអាចមើលនឹងភ្នែក ទទេឃើញនោះ មិនដែលឃើញមន្រ្តីជលផលក្រោមអំណាចលោក ហម ហ៊ុន ចាត់ការបង្រ្កាបម្តងណាឡើយ។ គេនិយាយថា គ្មាននរណាល្ងង់ភ្លើ ទៅវាយបំបែកឆ្នាំងបាយខ្លួនឯងនោះទេ។ ដូច្នេះក្រុមមន្រ្តីជលផលដេកបន់ឲ្យតែមានបទល្មើស ដើម្បីទៅ យកប្រាក់តែប៉ុណ្ណោះ។

បទល្មើសនេសាទក្នុងបឹងទន្លេសាបខេត្តកំពង់ធំ កើតមានជាប្រព័ន្ធ ដោយមាន លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំជាមេខ្លោង។ លោកប្រធានមន្ទីរកសិកម្មមានជំនាញខាងជលផលនោះស្រាប់ ដូច្នេះពិតជាមិនឲ្យអួន ឬក៏បមួយណា អាចរួចពីកណ្តាប់ដៃលោកនោះឡើយ។ យ៉ាងដូច្នេះគឺលោកប្រធានមន្ទីរចាត់វិធានការជាក់លាក់ឲ្យលោក ហម ហ៊ុន ត្រូវប្រមូលលុយពីបទល្មើសឲ្យបានគត់មត់ និងម៉ត់ ចត់។ រីឯលោក ហម ហ៊ុន ក៏ត្រូវបញ្ជាទៅឲ្យពួកថ្នាក់ក្រោយ តួយ៉ាងដូចជាលោក គូ ប៊ុនទឹង នាយផ្នែកសង្កាត់រដ្ឋបាលជលផលត្រួត៥ស្រុក ក្នុងខេត្តកំពង់ធំ ដើរប្រមូលប្រាក់ឲ្យបានគ្រប់ចំនួនតាមតម្រូវការរបស់ថ្នាក់លើ។

ប្រធានមន្ទីរកសិកម្ម ក៏ដូចអភិបាលខេត្តកំពង់ធំ លោក សុខ លូ មិនដែលបញ្ចេញ យោបល់ ឬក្អកគ្រហែមម្តងណាឡើយចំពោះបញ្ហាបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ធំ។ សភាពស្ងៀមស្ងាត់របស់លោកអភិបាលខេត្ត ក៏ដូចជាលោកប្រធានមន្ទីរត្រូវបានប្រជាពលរដ្ឋអះអាងថា អ្នកដឹកនាំទាំង២នេះបានទទួលលាភ សក្ការៈពីបទល្មើសនេសាទនោះហើយ។ ដូច្នេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ក៏ដូចជាក្រសួងមហាផ្ទៃត្រូវចាត់វិធានការបង្ក្រាបបទល្មើសនៅតំបន់បឹងទន្លេសាបខេត្តកំពង់ធំនោះផង ពីព្រោះលោកអភិបាល និងប្រធានមន្ទីរកសិកម្មខេត្ត មិនបង្ក្រាបនោះឡើយ៕


ចែករំលែក៖