ការលាលែងចេញពីតំណែងបានក្លាយទៅជាប្រពៃណី ក្នុងជួរដឹកនាំរដ្ឋាភិបាលជប៉ុន ដោយមានមន្ត្រីជាច្រើនលាលែងចេញពីតំណែង ដោយបញ្ហាផ្សេងៗ។ ក្នុងរយៈពេល១សប្តាហ៍កន្លងមក មានរដ្ឋមន្ត្រី២រូបលាលែងចេញពីតំណែង។
សារព័ត៌មាន ABC បានផ្សាយនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា ដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនបានលាលែងពីតំណែង ។ ការលាលែងតំណែងរបស់រដ្ឋមន្ត្រីយុត្តិធម៌នេះ កើតឡើងប្រហែល១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីសេដ្ឋកិច្ចបានលាលែង ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក កេតសូយូគី កាវាយ (Katsuyuki Kawai) បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយអំពីភាពមិនប្រក្រតីរបស់ភរិយារបស់គាត់ ទាក់ទងនឹងការបោះឆ្នោត ។ ភរិយារបស់លោកគឺតំណាងរាស្ត្រមួយរូបរបស់គណបក្សកាន់អំណាចជប៉ុន ។ នេះជារដ្ឋមន្ត្រីទីពីរហើយរបស់គណៈរដ្ឋមន្ត្រីជប៉ុនដែលបានលាលែងពីតំណែងក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ។
លោក កាវាយ បានថ្លែងប្រាប់ប្រភពព័ត៌មានថា លោកបានផ្ញើលិខិតលាលែងទៅកាន់នាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ រួចហើយ ៗលោកនាយករដ្ឋមន្ត្រីក៏បានយល់ព្រមទទួលយកការលាលែងនេះហើយដែរ ។ លោកបានថ្លែងថា លោកសុខចិត្តចុះចេញពីតំណែងដើម្បីកុំឲ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណជនមកលើប្រព័ន្ធយុត្តិធម៌របស់ជប៉ុន ។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក អ៊ីស៊ូ សូហ្គាវ៉ារ៉ា (Isshu Sugawara) ក៏បានលាលែងពីតំណែងផងដែរ បន្ទាប់ពីរងនូវការចោទប្រកាន់ពីការបំពារបំពានលើចាប់បោះឆ្នោត ។ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថ្មីរបស់ជប៉ុនរូបនេះ ទើបនឹងឡើងកាន់តំណែងបានរយៈពេលជាង១ខែប៉ុណ្ណោះ ៕