ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ ដែលលោកស្រី អ៊ាន សៀវម៊ី ដែលជាគេស្គាល់ថាជាថៅកែស្រីស្រស់ស្អាតលក់ផលិតផលតាម Online បានចោទប្រកាន់លោកស្រីមេធាវី កេត គន្ធាបុប្ផា និង ប្អូនប្រុសបង្កើត បោកប្រាស់ប្រាក់ថ្លៃកក់រថយន្ត ម៉ាក Rolls Royce ឆ្នាំ២០១៩ តម្លៃជាង២៥ម៉ឺនដុល្លារ ។
លោកស្រី អ៊ាន សៀវម៊ី ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Siv mey Online Shop សរសេរថា “សូមប្រុងប្រយត័្នចំពោះ ជនទាំងពីរនាក់បងប្អូនបង្កើតនេះផង ។ ពីរនាក់នេះបានរួមគំនិតគ្នាបោកប្រាស់ប្រាក់ថ្លៃកក់រថយន្ត ម៉ាក Rolls Royce 2019 ចំនួន ២៥២០០០$”។
ថៅកែស្រីស្រស់ស្អាតលក់ផលិតផលតាម Online រូបនេះ បន្តថា “ដោយទុកចិត្ត ជឿជាក់លើមនុស្សរាប់អានគ្នា នាំទៅទិញរថយន្តពី ជនឆរបោកឈ្មោះ កេត កត្តញូតា និង បងស្រីវា ឈ្មោះ កេត គន្ធាបុប្ផា ជាមេធាវីទៀតបាន បោះត្រាធានាដឹងលឺកិច្ចសន្យារខាងលើនេះ….តែដល់ថ្ងៃកំណត់ រថយន្ត ក៏មិនមាន សុំប្រាក់កក់វិញក៏មិនមាន ហើយខាងខ្ញុំទុកឱកាសអោយច្រើនដងហើយ រយលានសន្យា មកដល់ពេលនេះគឺជិតប្រាំខែហើយ។
ឥលូវនេះសមត្ថកិច្ចកំពុងតាមប្រមាញ់ …។ សូមបងប្អូនជួយស៊ែរបន្តផង ដើម្បីកុំអោយជនឆរបោកទាំងពីរនាក់នេះមកដើរបោកប្រាស់គេបន្តទៀត សូមអរគុណ”។
ទោះបីយ៉ាងណា ជុំវិញការចោទប្រកាន់នេះ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ពុំទាន់អាចសុំការឆ្លើយតបពីលោកស្រីមេធាវី កេត គន្ធាបុប្ផា បានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។
ប៉ុន្តែ លោកស្រីមេធាវី កេត គន្ធាបុប្ផា បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា “ពេលនេះខ្ញុំ សុំមិនទាន់បកស្រាយអ្វីទាំងអស់ ដោយរង់ចាំបំភ្លឺជាផ្លូវការនាពេលក្រោយ ។ ចំពោះរឿងគេចោទប្រកាន់ខ្ញុំ ជាសិទ្ធិសេរីភាពរបស់គេ ហើយបើគេធ្វើហួសពីសិទ្ធិសេរីភាពរបស់គេ ក៏ធ្វើទៅ ចំណែកខ្ញុំក៏មានសិទ្ធិ និងវិជ្ជាជីវៈរបស់ខ្ញុំដែរ”៕