ប្ប្រទេសថៃៈ នៅរសៀលថ្ងៃទី០៤ច្ឆិកា ដដែលនេះ បន្ទាប់ពីអញ្ជេីញចូលរួម កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ(RCEP)លើកទី៣ រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ បន្ទាប់ពីបានដំណើរការរបស់ខ្លួន ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយ:ពេលពេញ៣ថ្ងៃរួចមក។
ព្រះករុណា ព្រះចៅស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលរបស់ខ្លួន ក្រោមអំណរសាទរចំពោះ ភាពជោគជ័យ ដែលរដ្ឋាភិបាល និងប្រជាជនថៃ សម្រេចបានក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ប្រចាំឆ្នាំ២០១៩នេះ។
បន្ទាប់ពីការថ្លែងនូវសុន្ទរកថា ដែលបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលថ្នាក់ដឹកនាំអាស៊ាន បានរួមសហការគ្នាក្នុងការឈានទៅសម្រេចបាន នូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្តនេះរួចមក ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញជូន ញញ្ញូដល់ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បី ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងលេីកទី៣៧ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឆ្នាំ២០២០ខាងមុខ។
បន្ទាប់ពីទទួលបានញញ្ញូជាប្រធានបន្តវេនដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ខាងមុខ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការប្តេជ្ញាចិត្តចំពោះមុខមេដឹកនាំអាស៊ាន ក្នុងការដឹកនាំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ ឲ្យកាន់តែទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ពិសេសគឺដើម្បីបម្រើឲ្យផលប្រយោជន៍ នៃប្រជាជនអាស៊ានទាំងជាង៦៥០លាននាក់៕