ខេត្តត្បូងឃ្មុំ ៖ បទល្មើសនេសសាទនៅអតីតឡូត៍លេខ១ ស្ថិតក្នុងភូមិពាមជីលាំង ស្រុកត្បូងឃ្មុំ ជាប់ស្រុកក្រួចឆ្មារ កើតមានជាចំហរ ដែលប្រជាពលរដ្ឋទូទៅអាចមើលដោយភ្នែកទទេឃើញ ។ ប៉ុន្តែគេមិនដឹងថា ហេតុអ្វីបានជាពួកមន្ត្រីជលផលខេត្តត្បូងឃ្មុំ បែរជាមើលមិនឃើញទៅវិញ ។ បើតាមប្រជាពលរដ្ឋ គឺដោយសារតែអំពើពុករលួយរបស់ពួកមន្ត្រីជលផលទាំងនោះ ។
អតីតឡូត៍នេសាទលេខ10 ស្ថិតនៅឃុំពាមជីលាំង ដែលមានព្រំប្រទល់ជាប់និងស្រុកក្រូចឆ្មារ សព្វថ្ងៃនេះ គេសង្កេតឃើញមានបទល្មើសនេសាទដាយដាក់ឡើងព្រោងព្រាត ។ ហាក់បីដូចជាមិនឃើញមានអាជ្ញាធរមូលដ្ឋាន ឬស្ថាប័នជំនាញជលផលមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ គឺបានបណ្ដែតបណ្ដោយឲ្យបទល្មើសកើតឡើងតាមតែអំពើចិត្ត ។
បើតាមការសង្កេតមើលដោយជាក់ស្ដែង នៅថ្ងៃទី០៣ ខែវិច្ឆិកា នៅផ្នែកខាងលើនិងផ្នែកខាងក្រោមស្ពានបេតុងពាមជីលាំង គឺមានបទល្មើសនេសាទខុសច្បាប់ដាក់ដាយព្រោងព្រាត គឺដាក់ចំហទាំងថ្ងៃតែម្ដង ដើម្បីចាប់យកត្រីតូចធំពីសំណាក់ក្រុមឈ្មួញខិលខូចមើលទៅដូចជាមិនខ្លាចស្ថាប័នជំនាញជលផលលោកឡើយ ។
មួយវិញទៀត ក្នុងរដូវទឹកសំរកនាពេលកន្លងមកកម្លាំងជលផលខេត្តត្បូងឃ្មុំ បានសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន ចុះទៅបង្ក្រាបបទល្មើសនេសាទដាយ ដាក់នៅតាមបណ្ដោយព្រែកជីក ក្នុងអតីតឡូត៍នេសាទលេខ៩ ប៉ុន្តែមិនបង្ក្រាបបានឧបករណ៍ដាយណាមួយជាដុំកំភួននោះទេ ។ នៅមិនឆ្ងាយប៉ុន្មានពីព្រែកជីក ដែលមានព្រែកមួយឈ្មោះ ព្រែកតាក្វាន់ ព្រំប្រទល់ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ជាប់នឹងស្រុកកោះសូទិន ខេត្តកំពង់ចាម គឺគេឃើញក្រុមឈ្មួញបានដាក់ដាយចាប់ត្រីយ៉ាងអនាធិបតេយ្យ ដោយដាក់តាំងពីទឹកពេញព្រែករហូតដល់ទឹកស្ទើរអស់ពីព្រែក គឺមិនមានការចុះបង្ក្រាបបទល្មើសនេសាទពីស្ថាប័នជំនាញឡើយ ។
លោកម៉ា យ៉ុងរី នាយខានរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា:នាពេលកន្លងទៅរកលោកបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ក្នុងនោះក៏មានការចូលរួមពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយបានចាប់យកឧបករណ៍នេសាទខុសច្បាប់(ដាយ)ដែលប្រជាពលរដ្ឋខិលខូចមួយចំនួន បានលួចដាក់នៅក្នុងទឹកព្រែកពាមជីលាំង ហើយក៏បានធ្វើការផាកពិន័យចំនួនពីរនាក់ ។ ក្រៅពីនេះករកំណត់បានមុខសញ្ញាប្រព្រឹត្តបទល្មើសចំនួន2នាក់ទៀតដោយតម្រូវឲ្យចូលខ្លួនមកផាកពិន័យទៅតាមច្បាប់ដែលមានរយៈពេលយ៉ាងយូរកន្លះខែ ។ ប្រសិនបើជនទាំងពីរនាក់នោះ មិនបានមកថា ពិន័យតាមការកំណត់រូបលោកនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។
លោកថា ក្រុមអ្នកដាយនេះ មិនខ្លាចជំនាញជលផលហើយថែមទាំងមានប្ញកធំទៀតផង ដោយរូបលោកជាប់បំពេញបេសកកម្មចូលរួមសិក្ខាសាលានៅខេត្តរតនគិរី ហើយនៅថ្ងៃទទី០៤ វិច្ឆិកា នឹងចាត់ឲ្យនាយរងខណ្ឌមួយរូប និងកម្លាំងជលផលនិងមានការចូលរួមពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះទៅបង្ក្រាបបទល្មើសនេសាទ នៅក្នុងដែលអតីតឡូត៍នេសាទលេខ១០ នៅពាមជីលាំងបន្តទៀត ។
ពួកមន្ត្រីជលផលខេត្តត្បូងឃ្មុំ មិនចាត់វិធានការទាល់តែសោះ ចំពោះបញ្ហាបទល្មើសនេសាទនៅក្នុងមូលដ្ឋានរបស់ខ្លួន ពោលគឺដោយអះអាងថា កម្លាំងតិច ឬបានបង្ក្រាបញឹកញាប់ណាស់ហើយ ។ ក្រៅពីបទល្មើសនេសាទ ដែលគេអាចមើលដោយភ្នែកទទេឃើញ ពួកមន្ត្រីជលផលក៏ត្រូវប៉ាន់នឹងបទល្មើសដឹកជញ្ជូនត្រីពីប្រទេសវៀតណាមឆ្លងកាត់ខេត្តត្បូងឃ្មុំនោះដែរ ។ ក្រសួងកសិកម្ម ជាពិសេសអគ្គនាយកដ្ឋានរដ្ឋបាលជលផល មិនដែលខ្វល់ថា ត្រូវបង្ក្រាបបទល្មើសនេសាទបែបណានោះឡើយ ៕ ហេង សូរិយា