ក្រោយពេលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានអំពាវានាវ ឲ្យបញ្ចប់អំពើហិង្សា ក៏ដូចជាបញ្ចប់បាតុកម្ម ដើម្បីរៀបចំនយោបាយដឹកនាំកាន់តែប្រសើរឡើង ។ ប៉ុន្តែពេលថ្មីៗនេះ មានបាតុកម្មករជាច្រើន បានស្លាប់ដោយការបាញ់ប្រហារពីកម្លាំង ប៉ូលិស ។ ទាំងនោះហើយ ជាហេតុធ្វើឲ្យបាតុកម្មរាលដាលកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ។
បាតុករប្រឆាំងរដ្ឋាភិបាល បានឆ្លងកាត់ស្ពានសំខាន់មួយក្នុងទីក្រុងបាដាដ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឆ្ពោះទៅកាន់អគារការិយាល័យកណ្តាលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ហើយនិងស្នាក់ការទូរទស្សន៍គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ាក់ ខណៈដែលកងកម្លាំងសន្តិសុខបានបាញ់គ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែកសម្លាប់មនុស្ស៥នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត។
បាតុករបានគប់ដុំថ្ម និងដុតសម្បកកង់ឡាន ចាក់សំរាមដុត បង្កឲ្យមានផ្សែងខ្មួលខ្មាញ់ពាសពេញផ្ទៃអាកាសតែម្តង ។ កងកម្លាំងសន្តិសុខ ដូចទឹកបាក់ទំនប់សម្រុកទៅកាន់ទីតាំងខាងលើនេះ ដើម្បីការពារអគារទីតាំងរដ្ឋាភិបាល ហើយការផ្ទុះអាវុធក៏បានលាន់ឮផូងផាំងតាមដងផ្លូវ ។
រ៉ឺម៉កម៉ុតូសន្តោងជាច្រើនគ្រឿងបានបើកបរបញ្ច្រាសទិសដៅចរាចរ ទាំងប្រញាប់ប្រញាល់ដឹកមនុស្សរងរបួសទៅកាន់ទីតាំងសង្គ្រោះបឋម នៅឯទីលាន Tahrir Sauare ដែលជាទីតាំងសំខាន់របស់ក្រុមបាតុករជ្រើសរើសជួបជុំគ្នាធ្វើបាតុកម្ម ។
ជាច្រើនថ្ងៃកន្លងមក, បាតុករបានព្យាយាមឆ្លងកាត់ទន្លេ Tigris ទៅកាន់តំបន់បៃតង ដែលកងកម្លាំងសន្តិសុខយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានដាក់ពង្រាយការពារនៅតំបន់នោះ ។ អគារការិយាល័យរដ្ឋាភិបាលសំខាន់ៗ សុទ្ធតែស្ថិតនៅតំបន់បៃតង ។ កម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ ដើម្បីឲ្យក្រុមបាតុករដកថយក្រោយឆ្ងាយពីរបាំងដែលដាក់នៅលើស្ពាន Al-Joumhouriyah និងស្ពាន Al-Sanak។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមបាតុករបានផ្អើនទម្លុកបំបែករបាំងហាមឆ្លងកាត់របស់ប៉ូលិសស្ថិតនៅចុងខាងជើងស្ពាន Al-Ahrar នោះទាល់តែបាន។
បាតុករអ៊ីរ៉ាក់រាប់ពាន់នាក់បានបាតុកម្មនៅកណ្តាលទីក្រុងបាដាដ និងនៅទូទាំងតំបន់ភាគខាងត្បូងអ៊ីរ៉ាក់ដែលភាគច្រើនក្រុមអិស្លាមនិកាយស៊ីអ៊ីតរស់នៅ។ បាតុកម្មចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែតុលា មកម្ល៉េះ ទាមទារផ្តួលរំលំរដ្ឋាភិបាលនិងផ្លាស់ប្តូរគោលនយោបាយដឹកនាំប្រទេសអ៊ីរ៉ាក់ ។ បាតុករពោរពេញទៅដោយកំហឹងទៅលើអំពើពុករលួយដ៏រីករាលដាលក្នុងជួររដ្ឋាភិបាលអ៊ីរ៉ាក់, អត្រាអ្នកអត់ការងារធ្វើកើនឡើងខ្ពស់ និងកង្វះខាតសេវាសាធារណៈជាមូលដ្ឋានជាដើម។
កងកម្លាំងសន្តិសុខបានសម្លាប់មនុស្សជាង ២៦០នាក់មកហើយ អំឡុងបាតុកម្មធំៗកើតឡើងពីរលើក ចាប់តាំងពីដើមខែតុលា ឆ្នាំ២០១៩នោះមក។ ការប៉ះទង្គិចថ្មីៗចុងក្រោយនេះកើតឡើង តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រី Adel Abdul-Mahdi បានអំពាវនាវបាតុករបើកផ្លូវឡើងវិញ ហើយអំពាវនាវឲ្យដំណើរការទាំងឡាយប្រព្រឹត្តទៅដូចដើមវិញ ។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់នៅខាងក្រៅតំបន់តៃតង ៕