ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញ បុរសម្នាក់ដេកស្លាប់ក្នុងទូខោអាវចាស់ដែលគេបោះចោល

ចែករំលែក៖

ភ្នំពេញ៖ មានករណីបុរសម្នាក់ ដេកស្លាប់ក្នុងទូខោអាវចាស់ ដែលគេទុកចោលក្នុងដីឡូមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យជាក់ស្តែង ទើបដឹងថាមុនពេលស្លាប់ជនរងគ្រោះស្រវឹងស្រា រួចបានដើរទៅដេកក្នុងទូខោអាវនោះ ហើយមិនដឹងដេកស្លាប់នៅពេលណា ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

សពបុរសខាងលើឈ្មោះ សឿង ប៊ុនមុនី អាយុជាង៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ។

យោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះ បានផឹកស្រាជាមួយមិត្តភក្ដិអស់ចំនួន៥ដប បន្ទាប់មកក៏មានភ្លៀងធ្លាក់ ទើបជនរងគ្រោះ ក៏បានដើរទៅដេកក្នុងទូខោអាវបាត់ទៅ ហើយមិនដឹងថាស្លាប់តាំងពីពេលណានោះទេ ។ រហូតដល់ម៉ោងកើតហេតុក៏មានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកពិនិត្យ បានសន្និដ្ឋានថា សពជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ រួចបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ អារុណរះ


ចែករំលែក៖