ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ២នាក់ ដែលជំនាញខាងឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវវេងស្រេងបានសម្រេចជាច្រើនដង យកមកសាកសួររហូតបញ្ចប់នីតិវិធី រួចបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ទោសតាមច្បាប់នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ជនសង្ស័យចំនួន ២នាក់រួមមាន៖ ទី១ ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ និងទី២ ឈ្មោះ អ៊ុន ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកទាំង២ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។
យោងតាមមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលឃាត់ខ្លួន ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច ខណៈដែលកំពុងធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក ស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-5224 តាមបណ្ដោយផ្លូវវេងស្រេង កែងស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បន្ទាប់មកពួកគេព្យាមយាមជិះរត់គេច តែត្រូវជនរងគ្រោះស្រែកឆោឡោ ស្របពេលសមត្ថកិច្ចកំពុងល្បាតឃើញ ក៏ស្ទាក់ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅស្ថានីយប៉ុស្តិ៍បាយ័ន្តស្ទឹងមានជ័យ រួចនាំយកមកសាកសួរតែម្តង ។
ក្រោយឃាត់ខ្លួនជនសង្ស័យសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ ប៉ែន សំណាង ភេទប្រុស ធ្លាប់ធ្វើសកម្មភាពឆក់ក្នុងរាជធានីភ្នំពេញ បានសម្រេចចំនួន៣លើក ហើយថែមទាំងប្រើប្រាស់សារធាតុញៀន ជារៀងរាល់ថ្ងៃទៀតផង ៕ ភារ៉ា ដង្កោ