ព័ត៌មានទាន់ហេតុការណ៍៖

លោកចៅរងទី២សង្កាត់ព្រែកកំពិស ត្រូវជំងឺខ្យល់គរដួលស្លាប់

ចែករំលែក៖

ភ្នំពេញ៖ គួរឲ្យអាណោចអាធ័មណាស់ លោកចៅរងទី២សង្កាត់ព្រែកកំពិសម្នាក់ កំពុងតែដើរសុខៗ ស្រាប់តែកើតជំងឺខ្យល់គរបណ្ដាលឲ្យដួលស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣៥នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចសាលាសង្កាត់ព្រែកកំពិស ស្ថិតភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប៉ាន់ ប៉ន ភេទប្រុស អាយុ ៦៧ ឆ្នាំ មុខរបរ ចៅសង្កាត់រងទី២ សង្កាត់ព្រែកកំពិស រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ មន្រ្តីសាលាសង្កាត់ បានឃើញ លោកចៅរងទី២(ជនរងគ្រោះ)ដួលក្នុងស្ថានភាពស្លេកស្លាំង ឃើញដូចនេះ អ្នកធ្វើការជាមួយបានជួយលើកជនរងគ្រោះនាំទៅមណ្ឌលសុខភាព បន្ទាប់មកគ្រូពេទ្យប្រញាប់ដាក់អុកស៊ីសែន តែអកុសល់ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖