ព័ត៌មានទាន់ហេតុការណ៍៖

នៅស្រុកអង្គរបុរី សព្វថ្ងៃនេះមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងរាលដាល

ចែករំលែក៖

ខេត្តតាកែវ៖ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ជាប់ព្រំប្រទល់ ស្រុកកោះធំ ខេត្តកណ្ដាល បានឲ្យដឹងថា ក្នុងផ្ទៃបឹង ផ្ទៃទន្លេ នៅស្រុកអង្គរបុរី សព្វថ្ងៃនេះមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងរាលដាល ហើយឧបករណ៍ខុសច្បាប់ប្រភេទរបាំងព្រួល និងរបាំងស្បៃមុង ដែលមានបណ្ដោយរាប់ពាន់ម៉ែត្រត្រូវបានក្រុមជនល្មើសប្រើប្រាស់ដើម្បីចាប់ត្រីរាប់សិបតោនក្នុងមួយថ្ងៃៗ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីពុករលួយជាពិសេសមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកអង្គរបុរី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធឃុបឃិតឲ្យជនជាតិយួនចូលមកនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងគឃ្លើនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ចំណែកលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ និងលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ កំពុងសម្ងំទទួលផលប្រយោជន៍ពីបទល្មើសនេសាទក្នុងផ្ទៃទឹកនៃស្រុកអង្គរបុរី យ៉ាងសុខស្រួលបំផុត។

ប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងស្រុកអង្គរបុរី បានឲ្យដឹងថា ពេលពួកគាត់ប្រើឧបករណ៍ជាលក្ខណៈគ្រួសារ ក៏ត្រូវមន្ត្រីរដ្ឋបាលជលផល ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបដោយគ្មានការយោគយល់បន្តិចណាសោះ។ ប្រជាពលរដ្ឋបានរិះគន់ថា ពួកគាត់គ្រាន់តែរាយមងចងសន្ទូចបន្តិចបន្តួចក៏ត្រូវប្រឈមនឹងការបង្ក្រាបពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដែរ ហើយជនជាតិវៀតណាម បែរជាអាចចូលមកនេសាទប្រើឧបករណ៍ខុសច្បាប់តាមអំពើចិត្ត ព្រោះជនជាតិវៀតណាមបង់លុយតាមការកំណត់របស់មន្ត្រីពុករលួយ។ ក្នុងរបាំងស្បៃមុង របាំងព្រួល ដែលមានប្រវែងបណ្ដោយរាប់ពាន់ម៉ែត្រក្នុងមួយកន្លែងៗ ជនជាតិវៀតណាមហ៊ានបង់លុយរាប់ពាន់រាប់ម៉ឺនដុល្លារដើម្បីពួកគេអាចចាប់បង្កង ចាប់ត្រី រាប់សិបតោនក្នុងមួយថ្ងៃៗដឹកជញ្ជូនទៅប្រទេសវៀតណាម។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ តែងតែបង្ហាញមុខញឹកញាប់នៅក្នុងតំបន់ទន្លេនិងបឹងនៃស្រុកបុរីជលសា ខេត្តតាកែវ ស្រុកអង្គរបុរី ខេត្តតាកែវ ជាប់ព្រំប្រទល់ស្រុកកោះធំ ខេត្តកណ្ដាល។ ប៉ុន្តែលោក សៅ កុសល មិនមែនទៅចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដែលប្រព្រឹត្តដោយជនជាតិវៀតណាមនោះទេ គឺទៅប្រមូលលុយពីបទល្មើសនេសាទ ហើយបណ្ដោយឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ហេតុនេះហើយទើបប្រជានេសាទជាលក្ខណៈគ្រួសារនៃស្រុកអង្គរបុរី អំពាវនាវឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ពិនិត្យឡើងវិញជាបន្ទាន់អំពីបញ្ហានេះ ព្រោះបច្ចុប្បន្នមន្ត្រីពុករលួយឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងបឹង ក្នុងទន្លេ នៃស្រុកអង្គរបុរី ទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ៕ ហេង សូរិយា


ចែករំលែក៖