ខេត្តកំពង់ឆ្នាំង៖ លោកតាចំណាស់ម្នាក់បានស្លាប់នៅនឹងគល់ត្នោតដោយគ្មានអ្នកដឹង បន្ទាប់ពីគាត់បានឡើងកាប់ធាងត្នោតយកមកធ្វើអំបោសដើម្បីចិញ្ចឹមជីវិតចាស់របស់ខ្លួន បានធ្លាល់ពីលើចុងត្នោតបណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅភូមិថ្មី ឃុំគ្រាំងលាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា លោកតាដែលស្លាប់នៅនឹងគល់ត្នោតនោះមានឈ្មោះ នួន ថូ អាយុ៨២ឆ្នាំ រស់នៅក្នុងភូមិថ្មី ឃុំគ្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុលោកតាបានចេញទៅកាប់ធាងត្នោតដើម្បីយកធ្វើអំបោស ប៉ុន្តែក្រោយពីលោកតាទៅកាប់ធាងត្នោតនោះ បាត់ឈឹងមិនឃើញត្រឡប់មកផ្ទះវិញនោះទេ ដោយសារតែបាត់លោកតាយូរពេក អ្នកជិតខាងនាំគ្នាដើររក ក៏ប្រទះឃើញសពលោកតាស្លាប់ នៅនឹងគល់ត្នោតដែលលោកតាឡើង ។ ឃើញដូចនេះ ប្រជាពលរដ្ឋបានប្រាប់សមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងពិនិត្យសាកសព ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចបានសន្និដ្ឋានថា លោកគឺស្លាប់ដោយធ្លាក់ពីលើដើមត្នោត និងបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា លោកតាគឺមានជីវភាពក្រលំបាកណាស់ ដើម្បីចិញ្ចឹមជីវិត គាត់បានទិញធាងត្នោតពីអ្នកស្រុកដើម្បីយកទៅធ្វើអំបោស យកទៅលក់ប៉ុន្តែដោយគ្មានអ្នកឡើងដើមត្នោតឲ្យគាត់ រូបគាត់សុខចិត្តឡើងកាប់ធាងត្នោតខ្លួនឯង ក៏ជួបឧប្បត្តិហេតុធ្លាក់ពីលើដើមត្នោតតែម្តង ៕ចន្ថា