ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថ តាមប្រមាញ់ចាប់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយ៉ាងសកម្ម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមប្រម៉ាញ់ និងចាប់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយ៉ាងសកម្ម យកមកសាកសួររហូតបញ្ចប់នីតិវិធី លុះនៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ជនសង្ស័យឈ្មោះ ហេង ឌី ហៅទុយ ភេទប្រុស អាយុ ៣១ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(លួចកាច់ ក ម៉ូតូ) ។

យោងតាមមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣៥នាទី ខណៈដែលជនសង្ស័យរូបនេះ បន្តចេញធ្វើសកម្មភាព នៅចំណុចមុខផ្ទះអ៊ីនធឺណេត២៤ម៉ោង ផ្ទះលេខ៩២ ផ្លូវលេខ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការស្ទាក់ ឆែកឆេររកឃើញដែកអក្សរT ចំនួន៤ដើម ដែលរូបគបានធ្វើទុកសម្រាប់លួចកាច់ ក ម៉ូតូរបស់ប្រជាពលរដ្ឋ និងឈានដល់ការដកហូតបានម៉ូតូ ០១គ្រឿង ម៉ាក MSX ពណ៍ខ្មៅ ដែលរូបគេលួចកាច់ ក បាន រួចយកទៅលាក់ទុក នៅកន្លែងផ្ញើម៉ូតូ ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យ ថា ឧបករណ៍ ដែកអក្សរ T ដែលសមត្ថកិច្ចអាវុធហត្ថដកហូតបាន គឺរូបគេ ធ្វើទុកសម្រាប់ លួចកាច់ ក យកម៉ូតូរបស់ប្រជាពលរដ្ឋ។ ក្នុងអំឡុងឆ្នាំ២០១៩នេះ រូបគេ រួមជាមួយបក្សពួក ០៤នាក់ទៀត មាន ឈ្មោះ វី ,គុណ ,វ៉ា និងឈ្មោះ ហួរ ធ្លាប់បានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូប្រជាពលរដ្ឋ បានចំនួន ០៧គ្រឿង មាន៖ ម៉ាក Click ពណ៍សលាយទឹកមាស ,ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ,ម៉ាក វីវ៉ា ពណ៍ខ្មៅ ,ម៉ាក ស្មាស ពណ៍ខ្មៅ ,ម៉ាក ហុងដាគុប ពណ៍ទឹកប្រាក់ ,ម៉ាកសង់កូរ៉េ ពណ៍ក្រហម និងម៉ាក MSX។ រាល់លើក ឲ្យតែមុនធ្វើសកម្មភាពលួច គឺពួកគេតែងតែប្រើប្រាស់គ្រឿងញៀន ជាមុនសិន ៕ ស រស្មី


ចែករំលែក៖