ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យជាមន្ត្រីប៉ូលិសស្រវឹងស្រា បើករថយន្តបុកបង្គោលភ្លើងបាក់១ដើមរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេសង្ស័យថា ជាមន្ត្រីប៉ូលិស បានស្រវឹងស្រាជោកជាំបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងបាក់១ដើម ឯរថយន្តបង្កកល់ជាប់ទៅមុខលែងរួច តែមិនបង្កឲ្យនរណាម្នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចជិតវិទ្យាល័យ ជា ស៊ីម សាមគ្គីក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ដែលសង្ស័យជាមន្ត្រីប៉ូលិស ដោយមិនដឹងថា នៅអង្គភាពណានោះទេ បានបើករថយន្តឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2X- 8865 ធ្វើដំណើរពីជើងទៅត្បូងបោះពួយក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹងស្រាជោក ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់១ដើម រីឯរថយន្តខូចខាតផ្នែកខាងមុខខាងស្ដាំយ៉ាងដំណំ និងកល់ជាប់ទៅលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចរថយន្តបង្ករយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖