អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង អាំស្ទើដាំ ប្រទេសហុល្លងដែលជាអាកាសយានដ្ឋានមមាញឹកបំផុតនៅក្នុងតំបន់ និងលើពិភពលោក ធ្លាក់ក្នុងសភាពចលាចល ក្រោយមានព័ត៌មានស្តីពីចោរប្លន់យន្តហោះ ។
ប៉ូលិសក្នុងទីក្រុង អាំស្ទើដាំ ប្រទេសហូល្លង់ បានចល័ត ឆ្វាត់ឆ្វែង ប្រដាប់ដោយអាវុធច្រូងច្រាង ដោយសារតែមានការបំពុលព័ត៌មានក្លែងក្លាយថា មានចោរប្លន់យន្តហោះ ស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិ Schipol កាលពីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមពិតពុំមានចោរប្លន់យន្តហោះអ្វីនោះទេ ។
អាកាសចរណ៍ Air Europa បានបញ្ជាក់ថា បានបង្ហោះសារនៅលើប្រព័ន្ធធ្វីតធើ ថា ការភ័យខ្លាច ដែលនាំឲ្យមានចល័តកងកម្លាំងទៅដល់អាកាសយានដ្ឋាននោះ តាមពិត គឺជាឲ្យព័ត៌មានក្លែងក្លាយ ។
ប្រភពបានបញ្ជាក់ថា អាកាសចរណ៍បានចេញសារថា ហាក់ដូចជាមានការប្លន់យន្តហោះនៅឯអាកាសយានដ្ឋានមួយ «តាមពិត គឺជាកំហុស» នៅលើជើងហោះហើរមួយដែលចេញដំណើរទៅកាន់ទីក្រុងម៉ាដ្រីត ប្រទេសអេស្ប៉ាញ ។ ប្រភពមិនបានបញ្ជាក់នោះឡើយថា តែនរណាជាអ្នកបញ្ចេញព័ត៌មាននេះ ហើយការចេញព្រមានអំពីការប្លន់យន្តហោះ ធ្វើឡើយងដោយវិធីបែបណានោះ។
អាកាសចរណ៍ខាងលើបានបញ្ជាក់ទៀតថា «គ្មានអ្វីកើតឡើងនោះទេ អ្នកដំណើរទាំងអស់មានសុវត្ថិភាព គ្រប់ៗគ្នា ហើយកំពុងរង់ចាំពេលកំណត់ នឹងធ្វើដំណើរឆាប់ៗ ។ យើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះករណីមួយនេះ»។
កម្លាំងសន្តិសុខ រួមជាមួយទាហាន ជាច្រើនរយនាក់ត្រូវបានចល័តភ្លាមៗទៅកាន់អាកាសយានដ្ឋានខាងលើនេះ ប៉ុន្តែបន្ទាប់ពីត្រួតពិនិត្យជាក់ស្តែង ពុំឃើញមានករណីប្លន់យន្តហោះអ្វីនោះទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប៉ូលិសបានអះអាងថា នឹងបន្តស៊ើបអង្កេតពាក់ព័ន្ធបញ្ហាខាងលើនេះ ៕