ព័ត៌មានទាន់ហេតុការណ៍៖

សញ្ញាវិជ្ជមាននៅក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន

ចែករំលែក៖

ការប្រឈមមុខតានតឹងក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិក នឹងចិន រយៈពេល ជាង​១៦ខែកន្លងមក ធ្វើឲ្យវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរ ធ្លាក់ចុះដូចគ្នា មិនតែប៉ុណ្ណោះ បានប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក​​ ។

នៅពេលនេះ ចិន និងអាមេរិក បានព្រមព្រៀងគ្នា លុបពន្ធ ទៅលើទំនិញនាំចូល​ របស់ប្រទេសទាំងពីរ ដែលបានដំឡើង ដាក់គ្នានាពេលកន្លងមក ​ប្រសិនបើទទួលបានជោគជ័យ ប្រទេសទាំងពីរនឹងចុះកិច្ចព្រមព្រៀងជាលើកដំបូង បង្អស់​ក្នុងដំណាក់កាលទី​១ ។

ក្រសួង​ពាណិជ្ជកម្មចិន បានបញ្ជាក់ថា ភាគីទាំងពីរ បានព្រមព្រៀងគ្នា លុបពន្ធ មួយចំនួនដែលបានដំឡើងនាពេលកន្លងមក ។ ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិត ជុំវិញការលុបពន្ធនោះឡើយ ។

ចំណែកមន្ត្រីអាមេរិកបានលើកឡើងថា​ ការលុបពន្ធដែលបានដំឡើងរួច គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ថ្មី ហើយពេលនេះយើងរង់ចាំ តែមេដឹកនាំប្រទេសទាំងពីរចុះហត្ថលេខាតែប៉ុណ្ណោះ ។

អ្នកនាំពាក្យសេតវិមានអាមេរិកលោកស្រី​ Stephanie Grisham បានលើកឡើងថា​​ អាមេរិកពិតជាចង់កាត់បន្ថយកម្តៅ​នៃសង្គ្រាមពាណិជ្ជកម្ម ដែលអូសបន្លាយរយៈពេល​១៦ខែកន្លងមក ។

នៅពេលនេះមេដឹកនាំទាំងពីរ មិនទាន់មានគម្រោងជួបពិភាក្សានៅទីកន្លែងណានោះឡើយ​ ក្រោយប្រទេសឈីលី​ ប្រកាសដកខ្លួន ឈប់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​ APEC ​ដែលជាទីតាំង ប្រធានាធិបតីចិន និងអាមេរិក គ្រោងជួបពិភក្សានិងចុះហត្ថលេខានៅទីនោះ ៕


ចែករំលែក៖